(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះបានទទួលស្គាល់ថាកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលចម្ងាយ ឆ្ងាយ ATACMS ផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើកងទ័ពរុស្ស៉ីជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម តែមិនបានបញ្ជាក់ថាតើមីស៊ីលនេះត្រូវបានប្រើនៅទីណា ឬក៏ត្រូវបានប្រើតាំងពីណាមកនោះទេ? សេតវិមានវិញ ក៏បានទទួលស្គាល់ដែរពីការប្រគល់មីស៊ីល ATACMS ទៅឱ្យអ៊ុយក្រែន បន្ទាប់ពីមានសេចក្ដីរាយការណ៍ ថាមីស៊ីលនេះត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនជាសម្ងាត់។ អ្នកនាំពាក្យសេតវិមាន លោកស្រី Adrienne Watson បានគូសបញ្ជាក់ដូច្នេះថា «យើងជឿជាក់ថា ATACMS ទាំងនោះ នឹងផ្ដល់ការជំរុញដ៏សំខាន់ដល់សមត្ថភាពរបស់អ៊ុយក្រែន នៅលើសមរភូមិ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ការត្រៀមលក្ខណៈរបស់ យោធាអាមេរិកនោះឡើយ»

មីស៊ីលចម្ងាយឆ្ងាយ ATACMS អាចបាញ់បានចម្ងាយអតិបរមា ៣០០គីឡូម៉ែត្រ ប៉ុន្តែបើតាមលោកស្រី Watson មីស៊ីល ATACMS ដែលត្រូវបានផ្ដល់ឱ្យ អ៊ុយក្រែន គឺជាប្រភេទបាញ់បានត្រឹមចម្ងាយអតិបរាមា ១៦៥គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov ក៏បានរិះគន់នៅថ្ងៃពុធនេះដែរថាការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្ដល់មីស៊ីល ATACMS ទៅឱ្យអ៊ុយក្រែន គឺជាកំហុសមួយដ៏ធ្ងន់៕

រូបភាពមីស៊ីល ATACMS ពីក្រសួងការពារជាតិ កូរ៉េខាងត្បូង៖ AFP