(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃពុធ ទី១៨ ខែកក្កដានេះបាននិយាយថាគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (Belt and Road) ឬ BRI នឹងជួយ ជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចសកល នាឱកាសថ្លែងសន្ទរកថាទៅកាន់មេដឹកនាំ និងអ្នកតំណាងស្ថាប័នអន្តរជាតិដែលបានចូលរួមក្នុងវេទិកា BRI ដែលកំពុង ប្រព្រឹត្តទៅក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

មានប្រទេសច្រើនជាង ១៣០ និងអង្គការអន្តរជាតិចំនួន ៣០មកពីជុំវិញពិភពលោកចូលរួមវេទិកា BRI ហើយគិតជាសរុបមានអ្នកចូលរួមជាង ៤,០០០នាក់។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការច្រើនជាង២០០ ជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិចំនួន ៣០ នៅទូទាំងទ្វីបទាំង៥។ កិច្ចប្រជុំ BRI នៅក្នុងឆ្នាំ២០២៣ ក៏ជាការគម្រប់ខួប ១០ឆ្នាំផងដែរ ចាប់តាំងពីលោកប្រធានាធិបតីចិន ស៊ី ជិនពីង ប្រកាសដាក់ចេញគំនិតផ្តួចផ្ដើម មួយនេះ ក្នុងឆ្នាំ២០១៣។

ថ្លែងទៅកាន់វេទិកា BRI លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានគូសបញ្ជាក់ដូច្នេះថា «គោលដៅរបស់ BRI គឺពង្រឹងគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសកល»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ BRI លោក ស៊ី ជិនពីង ក៏បានអះអាងផងដែរថាចិនច្រានចោលការសម្លុតគំរាមខាងសេដ្ឋកិច្ច និងកាត់ផ្តាច់គ្នាទាំងស្រុង ក៏ដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចឯតោភាគី៕

រូបភាពពី Reuters