(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលុបចោលការបំពេញ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី បន្ទាប់ពីមានការវាយប្រហារដ៏ប្រល័យលើមន្ទីរពេទ្យ ក្នុងតំបន់ហ្កាហ្សាដែលបានសម្លាប់មនុស្សយ៉ាងហោច ៥០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។

តាមការឱ្យដឹងពីសេតវិមាន លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីស្រាអែលតែមួយប៉ុណ្ណោះ។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ របស់ខ្លួនថា «លោក បៃដិន បានសម្រេចចិត្ត (លុបចោលដំណើរទស្សនកិច្ច) ក្រោយបានពិគ្រោះយោបល់ជាមួយព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡោះទី២ (Abdullah II)... ហើយលោកប្រធានាធិបតីក៏បានចូលរួមរំលែកទុក្ខដល់ជនស៊ីវិលស្លូតត្រង់ដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ផ្ទុះនៅឯមន្ទីរពេទ្យមួយ ក្នុងតំបន់ហ្កាហ្សា»

គួរបញ្ជាក់ថា តាមការគ្រោងទុកដំបូងឡើយ លោក បៃដិន នឹងត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី ក្រោយបញ្ចប់ទស្សនកិច្ចនៅអ៉ីស្រាអែល នៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជួបជាមួយព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡោះ ទី២ (Abdullah II) ប្រធានាធិបតីប៉ាឡេស្ទីន និងប្រធានាធិបតីអេហ្ស៉ីប។ ការសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចនេះដែរ ធ្វើឡើងក្រោយជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ លើមន្ទីរពេទ្យមួយ ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ខណៈអ៉ីស្រាអែល និងក្រុមមន្ត្រីប៉ាឡេស្ទីនទម្លាក់កំហុសដាក់គ្នា ទៅវិញទៅមក ហើយបាតុកម្មតវ៉ាបានផ្ទុះឡើងនៅក្នុងតំបន់ West Bank និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។

ក្រុមមន្ត្រីសុខាភិបាលក្នុតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថាមន្ទីរពេទ្យខាងលើរងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល រីឯយោធាអ៉ីស្រាអែលវិញអះអាងថាមន្ទីរពេទ្យនេះរងការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែតមិនបានសម្រេចរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឥស្លាម ជីហាដ (Palestinian Islamic Jihad)៕