(​ហ្កាហ្សា)៖ ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងហ្កាហ្សា (Gaza City) កាលពី ថ្ងៃអង្គារ ទី១៧ ខែតុលា ខណៈអ៉ីស្រាអែល និងក្រុមមន្ត្រីប៉ាឡេស្ទីនទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ហើយបាតុកម្មតវ៉ាបានផ្ទុះឡើងនៅក្នុងតំបន់ West Bank និងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីសុខាភិបាលក្នុតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថាមន្ទីរពេទ្យខាងលើរងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល រីឯយោធាអ៉ីស្រាអែលវិញអះអាងថាមន្ទីរពេទ្យនេះរងការវាយប្រហារដោយការបាញ់គ្រាប់រ៉ុក្កែតមិនបានសម្រេចរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនឥស្លាម ជីហាដ (Palestinian Islamic Jihad)។

តាមការឱ្យដឹងពីក្រុមមន្ត្រីការពារជនស៊ីវិលមួយក្នុងតំបន់ហ្កាហ្សា មនុស្ស ៣០០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើមន្ទីរពេទ្យ តែមន្ត្រី ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា បញ្ជាក់ថាមនុស្សដល់ទៅជាង ៥០០នាក់ឯណោះត្រូវបានសម្លាប់។

គួរបញ្ជាក់ថា មុនការវាយប្រហារលើមន្ទីរពេទ្យកាលពីថ្ងៃអង្គារ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សាក៏បានឱ្យដឹងដែរថាមនុស្សជាង ៣,០០០នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលអស់រយៈពេល ១១ថៃមកនេះ ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុម ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ១,៤០០នាក់ នៅអ៉ីស្រាអែល និងចាប់មនុស្សជាង ២០០នាក់ជាចំណាប់ខ្មាំង៕

រូបភាពអគារត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល លើទីក្រុង Jabalia នៃភាគខាងជើងតំបន់ហ្កាហ្សា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣៖ Reuters