(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា ការបិទខ្ទប់តំបន់ហ្គាហ្សារបស់អ៊ីស្រាអែល និងបទបញ្ជាជម្លៀសប្រជាជននៅតំបន់ភាគខាងជើង អាចជាការផ្ទេរជនស៊ីវិលដោយបង្ខំ និងបំពានច្បាប់អន្តរជាតិ។​​ នេះបើយោងតាមការចេញផ្សាយដោយ​​​ ទីភ្នាក់ងារសារព័ត៌មាន​ AFP  នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា អ៊ីស្រាអែលហាក់ដូចជាមិនបានខិតខំប្រឹងប្រែងដើម្បីធានាថា ជនស៊ីវិលដែលត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា ទទួលបានលំនៅដ្ឋានគ្រប់គ្រាន់ ក៏ដូចជាលក្ខខណ្ឌអនាម័យ សុខភាព និងសុវត្ថិភាព ព្រមទាំងអាហារូបត្ថម្ភឡើយ។

លោកស្រីបាននិយាយដូច្នេះថា «យើងមានការព្រួយបារម្ភថា បទបញ្ជានេះ រួមជាមួយនឹងការដាក់ការបិទខ្ទប់ទាំងស្រុងលើតំបន់ហ្គាហ្សា ប្រហែលជាមិនត្រូវបានចាត់ទុកថាជាការជម្លៀសបណ្តោះអាសន្នដោយស្របច្បាប់ទេ ហើយដូច្នេះវាស្មើនឹងការផ្ទេរជនស៊ីវិលដោយបង្ខំ ដែលបំពានលើច្បាប់អន្តរជាតិ»

ពាក្យថា​ «ការជម្លៀសដោយបង្ខំ» ពិពណ៌នាអំពីការជម្លៀសដោយបង្ខំ​នៃប្រជាជនស៊ីវិល ដែលជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវផ្តន្ទាទោសដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ»។

គួរបញ្ជាក់ថា​ អង្គការសុខភាពពិភលោក (WHO) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនត្រូវការចូលទៅកាន់តំបន់ហ្កាហ្សាជាបន្ទាន់ ដើម្បីផ្តល់ជំនួយ និងសម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ក្រោយព្រមានអំពីវិបត្តិមនុស្សធម៌រយៈពេលវែង នៅដែនដីប៉ាឡេស្ទីនមួយនេះ។

លោកវេជ្ជបណ្ឌិត រីឆាដ ប្រេននែន (Richard Brennan) នាយកគ្រប់គ្រងគ្រាអាសន្នរបស់ WHO ប្រចាំតំបន់មេឌីទែរ៉ាណេភាគខាងកើត បាននិយាយថា «យើងមានជំនួយស្ថិតនៅភាគខាងត្បូងច្រក Rafa ខាងព្រំប្រទល់អេហ្ស៉ីប ហើយកំពុងរង់ចាំការអនុញ្ញាត ឱ្យចូលទៅកាន់តំបន់ហ្កាហ្សា។ បើតាមលោកវេជ្ជបណ្ឌិត រីឆាដ ភីបផឺខន (Richard Peeperkorn) អ្នកតំណាង WHO ប្រចាំដែនដីប៉ាឡេស្ទីន មនុស្សចំនួន ២,៨០០នាក់បានស្លាប់ និង ១១,០០០នាក់រងរបួសនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីមានការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល ហើយប្រហែលពាក់កណ្តាលនៃពួកគេគឺជាស្ត្រី និងកុមារ៕

រូបភាពពី​ Reuters