(សៀងហៃ)៖ ប្រទេសចិននឹងថ្លឹងថ្លែងក្នុងសប្តាហ៍នេះ ទៅលើសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើខ្លួន ឱ្យប្រើប្រាស់ឥទ្ធិពលដើម្បីទប់ស្កាត់ជម្លោះមិនឱ្យរីករាលដាល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
វ៉ាអ៊ីរ៉ង់បានព្រមានថា ខ្លួនអាចនឹងចាត់វិធានការជាមុនប្រឆាំងនឹងអ៊ីស្រាអែល ខណៈដែលប្រទេសនេះត្រៀមបើកការវាយលុកតាមផ្លូវគោកនៅតំបន់ Gaza Strip។ ហើយក៏មានការព្រួយបារម្ភផងដែរថា ក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ អាចបើករណសិរ្សទីពីរជាមួយអ៊ីស្រាអែល។
ចិនបានប្រកាសថា បេសកជនរបស់ខ្លួន លោក Zhai Jun នឹងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា គោលដៅរបស់យើងគឺ «ប្រមូលផ្តុំការឯកភាពអន្តរជាតិ ជំរុញឱ្យភាគីពាក់ព័ន្ធបញ្ឈប់អរិភាព ធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ ដំណោះស្រាយនយោបាយ»។
ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតណាមួយត្រូវបានប្រកាសអំពីការធ្វើដំណើររបស់ លោក Zhai ឬពេលវេលាពិតប្រាកដ នៃការធ្វើដំណើររបស់លោកនៅឡើយទេ៕
រូបភាពពី AFP