(ញូវដែលី)៖ រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌាកំពុងតែកំណត់គោលដៅ បញ្ជូនអវកាសយានិកទៅឋានព្រះចន្ទ ឱ្យបាននៅត្រឹម២០៤០ ស្របពេលដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចេញការណែនាំទៅកាន់នាយកដ្ឋានអវកាស ដែលរួមមានទាំងផែនការសាងសង់ស្ថានីយអវកាសផ្ទាល់ នៅឆ្នាំ២០៣៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។
មហិច្ឆតាវិស័យអវកាសរបស់ឥណ្ឌា ទទួលបានការលើកមុខមាត់បន្ថែម នៅពេលឥណ្ឌាបានក្លាយជាប្រទេសដំបូងគេ ដែលបានចុះចតយានរ៉ូបូតនៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ ដែលមិនធ្លាប់មានការស្រាវជ្រាវពីមុនមក កាលពីខែសីហា ឆ្នាំនេះ និងជាប្រទេសទី៤ ដែលបានចុះចតបញ្ជូនយានទៅលើផ្ទៃព្រះចន្ទដោយជោគជ័យ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន។ ការចុះចតដោយជោគជ័យរបស់ឥណ្ឌា គឺសម្រេចបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេសកកម្មស្រដៀងគ្នារបស់រុស្ស៉ី ដែលបានទទួលបរាជ័យ។ ក្រោយភាពជោគជ័យនោះ ឥណ្ឌាក៏បានបញ្ជូនយានទៅសិក្សាព្រះអាទិត្យ និងកំពុងត្រៀមធ្វើតេស្តមួយក្នុងសប្តាហ៍នេះ ដែលជាផ្នែកនៃបេសកកម្មអវកាសផ្ទុកមនុស្សរបស់ខ្លួន ផងដែរ។
រដ្ឋាភិបាលឥណ្ឌាបាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោកនាយករដ្ឋមន្រ្តី បានចេញសេចក្តីបង្គាប់ថា នាពេលនេះឥណ្ឌាគួរតែផ្តោតទៅលើគោលដៅថ្មី និងប្រកបដោយមហិច្ឆតា ក្នុងនោះរួមមានទាំងផែនការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន ហៅថា Bharatiya Antariksha Station ឱ្យបាននៅត្រឹមឆ្នាំ២០៣៥ និងការបញ្ជូនអវកាសយានិកឥណ្ឌាដំបូងគេទៅកាន់ផ្ទៃព្រះចន្ទ នៅឆ្នាំ២០៤០»។ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ក៏បានអំពាវនាវឱ្យក្រុមអ្នកវិទ្យាសាស្រ្ត ចាប់ផ្តើមធ្វើការងារលើបេសកកម្ម ដើម្បីទៅកាន់ភពសុក្រនិងភពអង្គារ ថែមទៀតផង៕