(ហ្កាហ្សា)៖ អង្គការសុខភាពពិភលោក (WHO) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនត្រូវការចូលទៅកាន់តំបន់ហ្កាហ្សាជាបន្ទាន់ ដើម្បីផ្តល់ជំនួយ និងសម្ភារផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ក្រោយព្រមានអំពីវិបត្តិមនុស្សធម៌រយៈពេលវែង នៅដែនដីប៉ាឡេស្ទីនមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកវេជ្ជបណ្ឌិត រីឆាដ ប្រេននែន (Richard Brennan) នាយកគ្រប់គ្រងគ្រាអាសន្នរបស់ WHO ប្រចាំតំបន់មេឌីទែរ៉ាណេភាគខាងកើត បាននិយាយថា ទីភ្នាក់ងារនេះកំពុងជួបជាមួយ «អ្នកសម្រេចចិត្ត» ដើម្បីបើកការចូលទៅកាន់តំបន់ហ្កាហ្សាឲ្យបានឆាប់។

លោក ប្រេននែន បានគូសបញ្ជាក់ថា «យើងមានជំនួយស្ថិតនៅភាគខាងត្បូងច្រក Rafa ខាងព្រំប្រទល់អេហ្ស៉ីប ហើយកំពុងរង់ចាំការអនុញ្ញាត ឱ្យចូលទៅកាន់តំបន់ហ្កាហ្សា។ បើតាមលោកវេជ្ជបណ្ឌិត រីឆាដ ភីបផឺខន (Richard Peeperkorn) អ្នកតំណាង WHO ប្រចាំដែនដីប៉ាឡេស្ទីន មនុស្សចំនួន ២,៨០០នាក់បានស្លាប់ និង ១១,០០០នាក់រងរបួសនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីមានការវាយប្រហារតាមអាកាសរបស់អ៉ីស្រាអែល ហើយប្រហែលពាក់កណ្តាលនៃពួកគេគឺជាស្ត្រី និងកុមារ។

គួរបញ្ជាក់ថា ច្រកព្រំដែន Rafa គឺដែលជាសរសៃឈាមដ៏សំខាន់មុនពេលមានការប្រយុទ្ធគ្នា ហើយឥឡូវនេះ ជាផ្លូវសំខាន់សម្រាប់ការផ្គត់ផ្គង់ចាំបាច់ ចូលទៅក្នុងតំបន់ហ្កាហ្សា៕

រូបភាព Reuters