(តូក្យូ)៖ នៅថ្ងៃអង្គារនេះ នាវាកងឆ្មាំសមុទ្ររបស់ចិននិងជប៉ុន បានប្រឈមមុខគ្នានៅក្នុងដែនទឹក ក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ នៅឯតំបន់សមុទ្រចិនខាងកើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

ខាងទីក្រុងប៉េកាំងបាននិយាយថា ខ្លួនបានបណ្តេញនាវាជប៉ុនមួយចំនួន ដែលបំពានចូលក្នុងដែនទឹករបស់ចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅក្បែរទីប្រជុំកោះ ដែលចិនហៅថា Daioyu ហើយបានទទូចឱ្យខាងជប៉ុន បញ្ឈប់សកម្មភាពខុសច្បាប់ទាំងអស់នៅក្នុងតំបន់នោះ។ រីឯខាងទីក្រុងតូក្យូវិញ កងឆ្មាំសមុទ្ររបស់ខ្លួនបានបណ្តេញនាវាឆ្មាំសមុទ្រចិន ២គ្រឿង ឱ្យចាកចេញពីដែនទឹកនៅក្បែរទីប្រជុំកោះនោះ ហើយបានទប់ស្កាត់នាវាចិនទាំងពីរ២គ្រឿង កុំឱ្យសំដៅមករកក្រុមទូកនេសាទជប៉ុន។

គួរបញ្ជាក់ថា ទីប្រជុំកោះវិវាទខាងលើ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ដែលហៅវាថា Senkaku។ ទីប្រជុំកោះដែលមិនមានមនុស្សរស់នៅ​នោះ គឺជាបញ្ហាដ៏សំខាន់មួយជាយូរមកហើយ នៅក្នុងចំណងទាក់ទងរវាងប្រទេសជិតខាងទាំងពីរ៕

រូបភាពពីកងឆ្មាំសមុទ្រជប៉ុន