(ស៉ីដនី)៖ ហ្វីជី ដែលប្រទេសដែនកោះមួយក្នុងតំបន់ប៉ាស៉ីហ្វិក នៅថ្ងៃអង្គារនេះ បានប្តេជ្ញាពង្រឹងវិស័យសន្តិសុខ និងការពារជាតិជាមួយអូស្រ្តាលី ខណៈដែលលោកនាយករដ្ឋមន្ត្រី ស៉ីទីវេនី រ៉ាប៊ូកា (Sitiveni Rabuka) បានបំពេញទស្សនកិច្ចនៅទីក្រុងកង់បេរ៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលហ្វីជី បានឲ្យដឹងថា នៅក្នុងជំនួបជាមួយ លោក រីឆាដ ម៉ាល ដែលជារដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រ៉ាប៊ូកា បាននិយាយថា ការវិវត្តនៃការគំរាមកំហែងផ្នែកសន្តិសុខពិភពលោក មានន័យថា អូស្ត្រាលី និងហ្វីជី គួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យស៊ើបការណ៍សម្ងាត់ សន្តិសុខតាមអ៉ីនធឺណិត វិស័យពារជាតិ និងប៉ូលិស។
លោក រ៉ាប៊ូកា បានកត់សម្គាល់ថា ប្រទេសទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នារួចហើយ លើវិស័យសន្តិសុខព្រំដែនគោក និងសមុទ្រ។ អូស្ត្រាលីក៏បានផ្តល់មូលនិធិដល់ជំរុំបណ្តុះបណ្តាលសន្តិសុខ នៅហ្វីជីផងដែរ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២៣នេះ ចិន សម្រេចបាននូវកិច្ចព្រមព្រៀងផ្នែកប៉ូលិស ជាមួយប្រទេសជិតខាងរបស់ហ្វីជី គឺសូឡូម៉ុន និងវ៉ានូទូ ប៉ុន្តែកិច្ចព្រមព្រៀងប៉ូលិសដែលមានអាយុកាលមួយទសវត្សរ៍រវាងចិន និងហ្វីជី ត្រូវបានផ្អាក ដោយលោកនាយករដ្ឋមន្រ្តី លើកឡើងពីភាពខុសគ្នានៅក្នុងប្រព័ន្ធប៉ូលិស ការស៉ើបអង្កេត និងប្រព័ន្ធច្បាប់៕
រូបភាពពី Reuters