(មូស្គូ)៖ នៅថ្ងៃអង្គារនេះ វិមានក្រឹមឡាំងបាននិយាយថា ការចោទប្រកាន់របស់ក្រុមលោកខាងលិច ដែលថាកូរ៉េខាងជើងផ្គត់ផ្គង់សព្វាវុធឱ្យមកប្រទេសរុស្ស៉ី គឺមិនបានផ្អែកលើភស្តុតាងជាក់ស្តែងនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នាថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយយ៉ាងដូច្នេះថា «ពួកគេតែងតែរាយការណ៍បែបនោះរហូតហ្នឹង ក៏ប៉ុន្តែពួកគេមិនដែលផ្តល់ភស្តុតាងទេ។ រុស្ស៉ីនឹងនៅតែបន្តកសាងអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសកូរ៉េខាងជើង។ នេះគឺជាសិទ្ធិអធិបតេយ្យរបស់យើង ហើយពួកយើងមិនយល់ថា នរណាមួយមានសិទ្ធិ មកឈឺឆ្អាលក្នុងរឿងនេះទេ»។ ការលើកឡើងរបស់ លោក Peskov កើតមានឡើង ក្រោយសេតវិមានអាមេរិកបានចោទប្រកាន់ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ថ្មីៗនេះកូរ៉េខាងជើង បានផ្តល់អាវុធរហូតដល់១,០០០កុងតឺន័រឱ្យទៅរុស្ស៉ី និងបានហៅវាថាជា ការអភិវឌ្ឍស្ថានការណ៍គួរឱ្យបារម្ភមួយ ហើយលើកឡើងក្តីកង្វល់ អំពីការរីកលូតលាស់ នៃទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា នាពេលនោះ សេតវិមានបានបញ្ចេញរូបភាពផ្កាយរណបមួយចំនួន ដែលខ្លួនអះអាងថា បង្ហាញនូវសម្ភារទាំងនោះ ត្រូវបានយកចេញពីដេប៉ូស្តុកគ្រាប់រំសេវមួយកន្លែង នៅកូរ៉េខាងជើង ដើម្បីយកទៅដាក់លើកប៉ាល់១គ្រឿងដោតទង់ជាតិរុស្ស៉ី ហើយដឹកជញ្ជូនបន្តតាមផ្លូវដែក ទៅកាន់ដេប៉ូមួយកន្លែងទៀត នៅក្បែរព្រំប្រទល់ភាគនិរតីនៃប្រទេសរុស្ស៉ី។ បើតាមសហរដ្ឋអាមេរិក ដំណើរការប្រគល់អ្វីដែលខ្លួនអះអាងថា ជាសព្វាវុធរបស់កូរ៉េខាងជើងទៅដល់ដៃរុស្ស៉ី គឺបានប្រព្រឹត្តទៅកាលពីចន្លោះថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា៕
រូបភាពពី Reuters