(កៀវ)៖ យោធាអ៊ុយក្រែន បានអះអាងថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារកាលពីវេលាយប់ ចន្លោះថ្ងៃចន្ទ-អង្គារនេះ ទៅលើព្រលានយន្តហោះ និងសម្ភារយោធានៅក្បែទីក្រុង Berdiansk និងតំបន់លូហាន់ ក្នុងទឹកដីដែលរុស្ស៉ីកាន់កាប់ ប្រកបដោយភាពជោគជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំំ២០២៣។

នាយកដ្ឋានទំនាក់ទំនងរបស់យោធាអ៊ុយក្រែន បានឲ្យដឹងតាមបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន វាយប្រហារចំគោលដៅល្អ ទៅលើអាកាសយានដ្ឋានរបស់សត្រូវ (រុស្ស៉ី) និងឧទ្ធម្ភាគចក្រនៅក្បែតំបន់ Luhansk និងទីក្រុង Berdiansk »។ ប៉ុន្តែ មន្ត្រីតែងតាំងដោយរុស្ស៉ីនៅតំបន់ Zaporizhzhia ភាគអាគ្នេយ៍អ៊ុយក្រែន បាននិយាយថា ការវាយប្រហារលើទីក្រុង Berdiansk មិនទទួលបានជោគជ័យទេ។ យ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយមិនអាចផ្ទៀងផ្ទាត់ព័ត៌មាន ពីសមរភូមិបានដោយឯករាជ្យនោះទេ។

គួរបញ្ជាក់ថា Berdiansk គឺជាទីក្រុងកំពង់ផែមួយនៃតំបន់ Zaporizhzhia ស្ថិតនៅលើឆ្នេរសមុទ្រភាគខាងជើងសមុទ្រ Azov ដែលជាប់នឹងសមុទ្រខ្មៅ។ ចាប់តាំងពីបើកប្រតិបត្តិការវាយបក អ៊ុយក្រែនបានធ្វើការវាយប្រហារតាមអាកាស ជាញឹកញាប់លើទឹកដីដែលគ្រប់គ្រងដោយរុស្ស៉ី ក្នុងគោលបំណងបំផ្លាញសម្ភារៈយោធា និងធ្វើឲ្យខូចកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៉ី៕

រូបភាពពី Reuters