(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa នៅថ្ងៃអង្គារនេះបាននិយាយថា ជប៉ុននឹងផ្តល់ជំនួយបន្ទាន់ចំនួន ១០លានដុល្លារអាមេរិក សម្រាប់ប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅតំបន់ Gaza Strip ដែលកំពុងរងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

ជប៉ុនបច្ចុប្បន្នគឺជាប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍ G7 ហើយលោកស្រី Kamikawa បានលើកឡើងថា ទីក្រុងតូក្យូកំពុងតាមឃ្លាំមើល​ស្ថានការណ៍នៅក្នុងតំបន់ Gaza ជាមួយក្តីកង្វល់ ខណៈជប៉ុនរំពឹងថា ស្ថានការណ៍នៅទីនោះនឹងថមថយចុះកម្តៅ ក្នុងពេលឆាប់ៗតាមតែ​អាចធ្វើទៅបាន។ លោកស្រីប្រមុខការទូតជប៉ុន បានបន្ថែមថា លោកស្រីក៏កំពុងធ្វើការងាររៀបចំជំហានចុងក្រោយ សម្រាប់កិច្ចពិភាក្សាគ្នា​ជាមួយសមភាគីអ៉ីរ៉ង់ផងដែរ។ ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ Gaza មានអ៉ីរ៉ង់ជាខ្នងបង្អែក។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាសទាំងស្រុង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានបញ្ជូនខ្មាន់កាំភ្លើងឱ្យសម្រុកចូលលុកលុយសហគមន៍និង​ទីក្រុងនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយផ្តាច់ជីវិតមនុស្សជាង១,៤០០នាក់ ព្រមទាំងចាប់ចំណាប់ខ្មាំង​ជាច្រើននាក់ទៀត នៅក្នុងការវាយប្រហារដ៏អាក្រក់មួយលើជនស៉ីវិល ក្នុងប្រវត្តិសាស្រ្តរបស់អ៉ីស្រាអែល។ អ៉ីស្រាអែលបានសងសឹកវិញ តាមរយៈការបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស យ៉ាងខ្លាំងក្លាបំផុត ទៅលើតំបន់ Gaza ដែលមកទល់ពេលនេះ បានសម្លាប់មនុស្ស​ជាង២,៨០០នាក់៕

រូបភាពពី AFP