(វ៉ាស៉ីនតោន)៖ ប្រមុខទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ IAEA របស់អង្គការសហប្រជាជាតិ (UN) លោក Rafael Grossi បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ពិភពលោកដាច់ខាតមិនអាចបរាជ័យនៅប្រទេសអ៉ីរ៉ង់ ដូចបានបរាជ័យនៅកូរ៉េខាងជើង ដែលបានបណ្តេញក្រុមអ្នកជំនាញត្រួតពិនិត្យរបស់ IAEA ហើយអភិវឌ្ឍអាវុធនុយក្លេអ៊ែរ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារ IAEA មិនមានសិទ្ធិចូលទៅកាន់ប្រទេសកូរ៉េខាងជើងទេ ចាប់តាំងតែពីទីក្រុងព្យុងយ៉ាងបានបណ្តេញ ក្រុមអ្នកជំនាញត្រួតពិនិត្យ​របស់ខ្លួនកាលពីឆ្នាំ២០០៩ ហើយឥឡូវបានត្រឹមឃ្លាំមើលភាពរីកចម្រើននៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពីចម្ងាយរួមមានទាំងតាមរយៈ​រូបភាពពីផ្កាយរណប។ IAEA មានសិទ្ធិជាទូទៅក្នុងការចូលទៅ មូលដ្ឋានថាមពលនុយក្លេអ៊ែរ ដែលត្រូវបានប្រកាសរបស់ប្រទេសអ៉ីរ៉ង់ ប៉ុន្តែស្របពេលដែលកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងទីក្រុងតេហេរ៉ង់និងក្រុមប្រទេសមហាអំណាច បានចាប់ផ្តើមបាត់បង់ប្រសិទ្ធភាពអំលុង​ពេល៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពី​ការដើរចេញរបស់សហរដ្ឋអាមេរិក ឧបករណ៍តាមដានបន្ថែម ដែលត្រូវបានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀង គឺត្រូវបានអ៉ីរ៉ង់រុះរើចោលវិញ ហើយទីភ្នាក់ងារ IAEA ក៏លែងអាចធ្វើការចុះត្រួតពិនិត្យភ្លាមៗ នៅតាមមូលដ្ឋានដែលមិនត្រូវបានប្រកាសត​ទៀតផងដែរ។

លោក Grossi បាននិយាយដូច្នេះថា «IAEA គឺជាភ្នែកនិងត្រចៀក ព្រមទាំងជាវត្តមានរបស់សហគមន៍អន្តរជាតិនៅក្នុងប្រទេសអ៉ីរ៉ង់» ហើយលោកមានក្តីបារម្ភជាខ្លាំង អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ លោក Grossi បានបន្តទៀតថា «យើងត្រូវតែប្រើប្រាស់មធ្យោបាយ ឱ្យអស់ពីលទ្ធភាពដើម្បីទប់ស្កាត់បញ្ហានេះ ពោលគឺការជជែកដេញដោលបច្ចុប្បន្នអំពី អ្វីដែលកំពុងកើតឡើងនិងអ្វីដែលអាចធ្វើបាននៅអ៉ីរ៉ង់ ដើម្បីកុំឱ្យវាក្លាយ​ជាភាពបរាជ័យរបស់សហគមន៍អន្តរជាតិ ក្នុងការរារាំងប្រទេសមួយដែលមានសមត្ថភាព ឆ្ពោះទៅអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ធ្វើយ៉ាងដូច្នោះ។ ពួកយើងធ្លាប់បានឃើញភាពបរាជ័យបែបនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គឺនៅកូរ៉េខាងជើង។

គួរបញ្ជាក់ថា យោងតាមការបង្ហាញនៃរបាយការណ៍ប្រចាំត្រីមាសចុងក្រោយបង្អស់របស់លោក Grossi គឺឥឡូវប្រទេសអ៉ីរ៉ង់មានសារធាតុ​អ៊ុយរ៉ាញូម ដែលចម្រាញ់ដល់កម្រិត៦០ភាគរយ ក្នុងបរិមាណគ្រប់គ្រាន់ សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរបានជិត៣គ្រាប់ យោងតាម​និយមន័យទ្រឹស្តីរបស់ទីភ្នាក់ងារ IAEA ផ្ទាល់ ប្រសិនបើវាត្រូវបានចម្រាញ់បន្ថែមទៀត។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់បានបដិសេធ​ការចោទប្រកាន់ថា ខ្លួនមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ៕

រូបភាពពី Reuters