(ហ្កាហ្សា)៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ​ ការគំរាមកំហែងនៃ​ការកើតមានឡើង នូវប្រតិបត្តិការវាយលុកតាមជើងគោក របស់អ៉ីស្រាអែលចូលតំបន់ Gaza Strip មិនអាចបំភិតបំភ័យពួកគេបានឡើយ ហើយពួកគេត្រៀមលក្ខខណ្ឌរួចស្រេច សម្រាប់សង្រ្គាមជើងគោកនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយតាមទូរទស្សន៍ លោក Abu Obeideh ដែលជាអ្នកនាំពាក្យខាងលើ បាននិយាយថា កងពលតូច Al-Qassam មានចំណាប់ខ្មាំងប្រហែល ២០០នាក់នៅក្នុងដៃ គិតចាប់តាំងពីការឆ្មក់វាយលុកទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ទៅលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយប្រហែល៥០នាក់ទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមផ្សេងទៀត និងស្ថិតនៅកន្លែងដទៃទៀត។ និយាយពាក់ព័ន្ធប្រតិបត្តិការជើងគោករបស់អ៉ីស្រាអែល ដែលគេរំពឹងថានឹងប្រព្រឹត្តទៅ ក្នុងពេលឆាប់ៗខាងមុខ លោក Abu Obeideh បាននិយាយយ៉ាងដូច្នេះថា «ការគំរាមកំហែងរបស់អ៉ីស្រាអែល ក្នុងការធ្វើសង្រ្គាមជើងគោកប្រឆាំងនឹងប្រជាជនយើង គឺមិនបានធ្វើឱ្យយើងភិតភ័យអ្វីបន្តិចឡើយ ហើយពួកយើងត្រៀមលក្ខណៈរួចជាសម្រេច សម្រាប់រឿងនោះ»

គួរបញ្ជាក់ថា យោងតាមក្រុមមន្រ្តីអ៉ីស្រាអែល មនុស្សសរុបជាង១,៤០០នាក់ ត្រូវបានសម្លាប់នៅអ៉ីស្រាអែល ក្នុងជម្លោះដែលបានចាប់ផ្តើម​ជាមួយការចូលលុកលុយវាយប្រហារ របស់ក្រុមហាម៉ាសកាលពីជាង១សប្តាហ៍មុន។ ដោយឡែក ក្នុងការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ចាប់តាំងពីពេលនោះមក ទៅលើតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សសរុបច្រើនជាង២,៧៥០នាក់បានស្លាប់។ បើតាមលោក Abu Obeideh ចំណាប់ខ្មាំងយ៉ាងហោច២២នាក់ ក៏បានបាត់បង់ជីវិតផងដែរ អំលុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល៕

រូបភាពពី Reuters