(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ដែលផ្អែកលើប្រភពពីមន្រ្តីជាន់ខ្ពស់នៃទីក្រុងសេអ៊ូល បានរាយការណ៍ថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានសម្រេចការងាររួចរាល់ហើយ លើការបង្កើតខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់រវាងភាគីទាំង៣ ខណៈវាគឺជាសញ្ញាថ្មីមួយទៀត នៃការកើនឡើងនូវកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។
ការរៀបចំខ្សែទូរស័ព្ទបន្ទាន់ខាងលើ គឺចំពេលមានភាពតានតឹងផ្នែកយោធាជាមួយកូរ៉េខាងជើង ព្រមទាំងការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ទីភ្នាក់ងារព័ត៌មាន Yonhap បាននិយាយថា ការធ្វើតេស្តផ្នែកបច្ចេកទេសនៃប្រព័ន្ធទំនាក់ទំនងនោះ ត្រូវបានបញ្ចប់ជាស្ថាពរ។ វានឹងត្រូវប្រើប្រាស់ដោយមេដឹកនាំ ឬទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសទាំង៣ នៅអំលុងពេលមានវិបត្តិផ្នែកសន្តិសុខ។ ក្នុងកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិក កាលពីខែសីហា មេដឹកនាំប្រទេសទាំង៣ បានប្រកាសពីការប្តេជ្ញាប្រឹក្សាយោបល់គ្នា អំលុងពេលវិបត្តិកើតមានឡើង។
គួរបញ្ជាក់ថា ឥឡូវនេះ ប្រេសិតទទួលបន្ទុកបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន កំពុងតែបើកកិច្ចពិភាក្សារយៈពេល២ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៉ី ដើម្បីជជែកអំពីភាពតានតឹងដែលកើតចេញពី កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងផ្ទាល់ បូករួមជាមួយកិច្ចសហប្រតិបត្តិការយោធាកាន់តែជិតស្និទ្ធរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងមូស្គូ៕
រូបភាពពី AFP