(ហ្ស៊េរុយសាឡិម)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ៉ីស្រាអែលបានចេញការព្រមានពីសង្រ្គាមរយៈពេលវែង ប៉ុន្តែនឹងឈ្នះក្រុមហាម៉ាស ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសន្យាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

លោក Blinken ដែលទើបត្រឡប់ទៅអ៉ីស្រាអែលវិញ ក្រោយបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប់ចំនួន ៦នោះ បានជួបក្រុមមន្ត្រីសន្តិសុខអ៉ីស្រាអែល នៅឯក្រសួងការពារជា តិក្នុងទីក្រុង Tel Aviv ចំពេលដែលស៊ីរ៉ែនវាយប្រហារតាមអាកាសបន្លឺឡើង។ បើតាមលោក Matthew Millerអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងលោក Blinken រួមទាំងជំនួយការរបស់ពួកគេ ត្រូវបាននាំទៅកាន់លេណដ្ឋានដើម្បីរក្សាសុវត្ថិភាពរយៈពេល ៥នាទី។

អ៉ីស្រាអែល កំពុងរៀបចំការធ្វើសង្រ្គាមជើងគោក នៅតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស ប៉ាឡេស្ទីន ហើយបាន និងកំពុងបន្តទម្លាក់គ្រាប់បែកពីអាកាស។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានគូសបញ្ជាក់នូវការគាំទ្ររបស់អាមេរិកចំពោះអ៉ីស្រាអែល តាមរយៈដំណើរទស្សនកិច្ចពីរ លើកដោយ លោក Blinken ក៏ដូចជារដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិក ២គ្រឿងទៅកាន់សមុទ្រមេឌីទែររ៉ាណេ៕

រូបភាពពី AFP