(មូស្គូ)៖ សេចក្តីព្រាងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើឡើងដោយរុស្ស៉ី ដែលអំពាវនាវឲ្យមានបទឈប់បាញ់ ក្នុងសង្គ្រាម រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានបរាជ័យកាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈការបោះឆ្នោតលើសេចក្តីព្រាងរបស់ប្រេស៉ីល ត្រូវពន្យារពេលរហូតដល់ល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដើម្បីទុកពេលសម្រាប់ការចរចាបន្ថែម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

បន្ទាប់ពីការបោះឆ្នោត ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia បានប្រាប់ក្រុមប្រឹក្សាថា «ថ្ងៃនេះ ពិភពលោកទាំងមូល កំពុងរងចាំទាំងតឹងទ្រូង ឲ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការដើម្បីបញ្ចប់ការបង្ហូរឈាម ប៉ុន្តែគណៈប្រតិភូនៃបណ្តាប្រទេសលោកខាងលិច បានជះឥទ្ធិពល ជាមូលដ្ឋានលើការរំពឹងទុកទាំងនោះ»

ដោយឡែក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថមម៉ាស គ្រីនហ្វៀល (Linda Thomas-Greenfield) បានគូសបញ្ជាក់ថា «តាមរយៈការមិន បានថ្កោលទោសក្រុមហាម៉ាស រុស្ស៉ីកំពុងជួយបិទបាំងក្រុមភេរវករដែលធ្វើបាបជនស៉ីវិលស្លូតត្រង់ ដែលជាសកម្មភាពដ៏គួរឲ្យខឹងសម្បារ»

គួរបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងដំណោះស្រាយរបស់រុស្ស៉ី ក៏អំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំង ការទទួលបានជំនួយមនុស្សធម៌ និងការជម្លៀស ជនស៉ីវិលដោយសុវត្ថិភាព ហើយថ្កោលទោសអំពើហិង្សាលើជនស៉ីវិល និងអំពើភេរវកម្ម តែមិនមានសរសេរឈ្មោះក្រុមហាម៉ាសនោះទេ។

សេចក្តីព្រាងដំណោះស្រាយរបស់រុស្ស៉ី ទទួលបានការគាំទ្រចំនួន ៥សំឡេង ៤សំឡេងប្រឆាំង និងអនុប្បវាទចំនួន ៦។ ដំណោះស្រាយមួយ ត្រូវការសំឡេង គាំទ្រយ៉ាងតិច ៩ ហើយគ្មានការវេតូដោយសមាជិកអចិន្ត្រៃយ៍ទាំង ៥គឺសហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង និងអង់គ្លេស ដើម្បីអនុម័ត៕

រូបភាពពី Reuters