(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារ ទី១៧​ ខែតុលានេះបាននិយាយថាមនុស្សយ៉ាងហោច ៥នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ នៅឯ ភាគខាងជើងនៃប្រទេសនៅក្នុងសប្ដាហ៍នេះ ជាមួយការព្រមានពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បើតាមក្រសួងសុខាភិបាលថៃ ចាប់តាំងពីចូលរដូវមូសុង ក្នុងខែកញ្ញាមក មនុស្សសរុប ២៣នាក់ហើយបានស្លាប់ដោយសារគ្រោះទឹកជំនន់ក្នុងប្រទេសថៃ និង៣៣នាក់ផ្សេងទៀត បានរងរបួស។ នៅដើមសប្ដាហ៍នេះដែរ ទឹកជំនន់នៅក្នុងខេត្ត Phayao ស្ថិតនៅភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្ស ៥នាក់ ហើយនៅថ្ងៃអង្គារនេះ អាជ្ញាធរបានចេញសេចក្ដីព្រមានពីគ្រោះទឹកជំនន់សម្រាប់ខេត្តចំនួន ៣២។ ភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករផងដែរថានឹងធ្លាក់លើ ទីក្រុងបាងកក និងកោះ Phuket។

គួរបញ្ជាក់ថា បើតាមក្រសួងមហាផ្ទៃថៃ ប្រជាជនថៃជាង ៦២,០០០គ្រួសារ បានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅក្នុងរដូវភ្លៀងនេះ។ កាលពីឆ្នាំ២០១១ ទឹកជំនន់បានសម្លាប់មនុស្សជាង ៥០០នាក់ និងបង្កការខូចខាតដល់ផ្ទះរាប់លានខ្នងនៅទូទាំងប្រទេសថៃ៕

រូបភាពទឹកជំនន់ ក្រោយភ្លៀងធ្លាក់ខ្លាំងនៅ ទីក្រុងបាងកក កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣៖ Reuters