(ឌូបៃ)៖ មន្ត្រីអ៉ីរ៉ង់ម្នាក់ នៅថ្ងៃចន្ទ ទី១៦ ខែតុលានេះ បានចោទប្រកាន់ថាសហរដ្ឋអាមេរិកបានលូកដៃរួចទៅហើយ នៅក្នុងជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ហើយត្រូវតែទទួលខុសត្រូវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅពេលត្រូវបានសាកសួរថាតើទីក្រុងតេហេរ៉ង់ នឹងលូកដៃចូលក្នុងជម្លោះរវាងអ៉ីស្រាអែល និងហាម៉ាស ប្រសិនបើសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍ដែរឬក៏ យ៉ាងណា? អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaani បាននិយាយថាអ៉ីរ៉ង់បានចាត់ទុកថាសហរដ្ឋអាមេរិកបានលូកដៃនៅក្នុងជម្លោះ នេះរួចទៅហើយ។ អ្នកនាំពាក្យរូបនេះបានបន្ថែមដូច្នេះថា «បទឧក្រិដ្ឋរបស់របប Zionist (អ៉ីស្រាអែល) ត្រូវបានប្រព្រឹត្តដោយមានការគាំទ្រពីអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកទទួលខុសត្រូវ»

គួរបញ្ជាក់ថា ក្រោយការវាយប្រហារបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា សហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង នាវាចម្បាំង និងយន្ដហោះចម្បាំង ទៅក្បែរអ៉ីស្រាអែល ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ហៅការដាក់ពង្រាយទាំងនេះជា ការកំញើញ មិនមែនជាការបង្កហេតុនោះទេ៕

រូបភាពនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Gerald R. Ford៖ Reuters