(ប៉េកាំង)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយ នៅថ្ងៃអង្គារ ទី១៧ ខែតុលានេះ ដើម្បីជួបប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងគោលបំណងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូគ្មានព្រំដែន ​ឱ្យកាន់តែស៊ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន និងក្រុមមន្ត្រីប្រតិភូរុស្ស៉ី បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Beijing Capital International Airport នៅព្រឹកថ្ងៃអង្គារនេះ ហើយនេះគឺ ជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោក ពូទីន នៅក្រៅដែនដីដែលធ្លាប់ជាអតីតសហភាពសូវៀតក្នុងឆ្នាំ២០២៣។ លោក ពូទីន បានធ្វើដំណើរចេញក្រៅ ប្រទេសតិចតួចប៉ុណ្ណោះ ចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនរូបលោក ជុំវិញការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេស អ៊ុយក្រែនកាលពីខែមីនាមក។ លោកក៏ទើបតែបំពេញទស្សនកិច្ចនៅកៀហ្ស៉ីស៊ីស្ថានផងដែរកាលពីដើមខែតុលានេះ។ ICC បានតម្រូវឱ្យប្រទេសជាសមាជិក ទាំង១២៣ ចាប់ខ្លួនលោក ពូទីន បញ្ជូនទៅកាន់ទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះជាន់ដីរបស់ពួកគេ។ ប៉ុន្តែទាំងចិន និងកៀហ្ស៉ីស៊ីស្ថាន មិនមែនជាសមាជិក ICC ឡើយ។

គួរបញ្ជាក់ថា លោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន លើកចុងក្រោយបំផុត ដើម្បីចូលរួមព្រឹត្តិការណ៍សម្ពោធកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាពេលដែលចិន និងរុស្ស៉ី ប្រកាសពីភាពជាដៃគូគ្មានព្រំដែន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតីរុស្ស៉ីបញ្ជាឱ្យ កងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែន ក្រោមប្រតិបត្តិការយោធាពិសេស ដែលលោកខាងលិច និងទីក្រុងកៀវ ចាត់ទុកថាជាសង្រ្គាមឈ្លានពាន។

លោក ពូទីន មានវត្តមានក្នុងប្រទេសចិន គឺដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ (Belt and Road Forum) ដែលនឹងប្រព្រឹត្តទៅដល់ថ្ងៃពុធសប្ដាហ៍នេះ ហើយនេះក៏នឹងក្លាយជាលើកទី៣ ផងដែរដែលលោក ពូទីន ចូលរួមក្នុងវេទិកានេះ ក្រោយលោកបានចូលរួមចំនួន២លើក ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩៕

រូបភាពពី Reuters