(វ៉ាស៊ីនតោន)៖ ការសង្ស័យថាអ៉ីរ៉ង់មានជាប់ពាក់ព័ន្ធ ឬជាអ្នកជួយរៀបចំផែនការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងអ៉ីស្រាអែល បានផ្ទុះឡើងអស់រយៈពេលជាង មួយសប្ដាហ៍មកហើយ ដោយបង្កឱ្យមានការចោទសួរជាសំណួរថាតើ «អ៉ីរ៉ង់ ឬគ្នីគ្នាណាមួយរបស់អ៉ីរ៉ង់» នឹងលូកដៃចូលរួមក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស ប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា ដែរឬក៏យ៉ាងណា? អ៉ីរ៉ង់បានបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងផែនការរបស់ក្រុមហាម៉ាសនោះទេ ខណៈក្រុមអ្នកវិភាគ លោកខាងលិចជាច្រើនអះអាងថាទីក្រុងតេហេរ៉ង់គឺជាមេកើយរបស់ក្រុមសកម្មប្រយុទ្ធស៊ីអ៉ីតជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ាដូចជានៅស៊ីរី ក្រុមហេសប៊ូលឡា នៅលីបង់ និងក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន។ អ៉ីរ៉ង់ក៏ត្រូវបានគេរាយការណ៍ដែរថាបានផ្ដល់ហរិញ្ញវត្ថុ និងការបណ្ដុះបណ្ដាលសម្រាប់ក្រុមហាម៉ាស។

ក៏ប៉ុន្តែតើអ៉ីរ៉ង់អាចនឹងលូកដៃចូលក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសដែរឬទេ? ស្របពេលកងទ័ពអ៉ីស្រាអែលរាប់សែននាក់ រង់ចាំតែបញ្ជាប៉ុណ្ណោះ ដើម្បីធ្វើសង្រ្គាម ជើងគោកវាយលុកចូលតំបន់ហ្កាហ្សា ភ្ជាប់ជាមួយការសន្យាកម្ទេចក្រុមហាម៉ាសរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu។ លទ្ធភាពដែលអ៉ីរ៉ង់អាច នឹងលូកដៃដោយផ្ទាល់ក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស មិនអាចត្រូវបានបដិសេធទាំងស្រុងនោះទេ ប៉ុន្តែក្នុងរយៈពេលខ្លី អ៉ីរ៉ង់ប្រហែលជាត្រូវរង់ចាំមើល ស្ថានការណ៍សិន។ ពីព្រោះថាក្នុងពេលបច្ចុប្បន្ន អ៉ីរ៉ង់អាចនឹងខាតប្រយោជន៍ច្រើន ក្នុងនោះរួមមានទាំងការចូលទៅប្រើមូលនិធិ ៦ពាន់លានដុល្លារដែលសហរដ្ឋអាមេរិក និងកាតា បាន និងកំពុងរឹតត្បិតរួចទៅហើយ រង់ចាំលទ្ធផលស៊ើបអង្កេតចំពោះតួនាទីរបស់អ៉ីរ៉ង់លើសមត្ថភាព និងការវាយប្រហារបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយកាសែតអាមេរិក New York Times កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

អ៉ីរ៉ង់មានផលចំណេញច្រើន ក្នុងការបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃក្នុងតំបន់មជ្ឈិមបូព៌ា។ តួយ៉ាងអ៉ីរ៉ង់បានយល់ព្រមចុះកិច្ចព្រមព្រៀង ដោះដូរអ្នកទោសជាមួយសហរដ្ឋអាមេរិក កាលពីខែកញ្ញាកន្លងទៅនេះដែលនាំទៅរកការដោះលែងពលរដ្ឋអាមេរិក ៥នាក់ជាប់ឃុំនៅអ៉ីរ៉ង់ ជាថ្នូរនឹងសេរីភាពរបស់ពលរដ្ឋអ៉ីរ៉ង់ ៥នាក់ជាប់ឃុំនៅសហរដ្ឋអាមេរិក ព្រមទាំងការអនុញ្ញាតឱ្យអ៉ីរ៉ង់ចូលទៅប្រើឡើងវិញនូវមូលនិធិ ៦ពាន់លានដុល្លារដែលកន្លងមកត្រូវបានបង្កកដោយសហរដ្ឋអាមេរិក សម្រាប់ កិច្ចការមនុស្សធម៌។

លើសពីនេះទៅទៀត តួអង្គសំខាន់ក្នុងតំបន់ដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមដែលសុទ្ធតែកំពុងព្យាយាមទប់ស្កាត់កុំឱ្យជម្លោះរាលដាលកាន់តែធំ ក៏កំពុងស្ថិតនៅ ពាក់កណ្ដាលផ្លូវនៃការផ្សះផ្សារទំនាក់ទំនងជាមួយអ៉ីរ៉ង់ផងដែរ ដែលនេះធ្វើឱ្យការវាយប្រហារដោយផ្ទាល់ណាមួយលើអ៉ីស្រាអែល ឬការលូកដៃដោយផ្ទាល់របស់អ៉ីរ៉ង់មើលទៅ ទំនងជានឹងមិនកើតឡើងឡើយ។ ប៉ុន្តែ លោក Ali Vaez ជានាយកកម្មវិធីអ៉ីរ៉ង់ មកពីអង្គការ International Crisis Group យល់ថាសេណារីយ៉ូដែលអាចនឹងកើតឡើង នោះគឺចលនា ប្រដាប់អាវុធគាំទ្រដែលអ៉ីរ៉ង់គាំទ្រត្រឹមមនោគមន៍វិជ្ជា តែមានទំនាក់ទំនងធូររលុងដូចជាចលនាប្រដាប់អាវុធប៉ាឡេស្ទីន ក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់​ អាចឆ្លៀតឱកាសបើក ការវាយប្រហារលើអ៉ីស្រាអែល ឬក៏មូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់។

ចាប់តាំងពីខែមីនា ឆ្នាំ២០២៣មក មិនមានការវាយប្រហារណាមួយលើកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់នោះទេ ដោយសារតែការព្រមព្រៀងគ្នាបន្ធូរបន្ថយ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ ប៉ុន្តែ ប្រសិនបើកិច្ចព្រមព្រៀងនេះដួលរលំ ជាឧទាហរណ៍ដូចជាសហរដ្ឋអាមេរិកសម្រេចចិត្តបង្កកមូលនិធិអ៉ីរ៉ង់ ៦ពាន់លានដុល្លារ ជាអចិន្ត្រៃយក្នុងប្រទេសកាតា នោះវាអាចនឹងមានហេតុផលជំរុញឱ្យអ៉ីរ៉ង់ លើកទឹកចិត្តដល់ចលនាប្រដាប់អាវុធនៅក្នុងតំបន់ដែលខ្លួនគាំទ្រវាយប្រហារលើមូលដ្ឋានទ័ព អាមេរិក ឬអ៉ីស្រាអែល​ តាមរយៈសង្រ្គាមប្រូកស៊ី (proxy war)។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហេសប៊ូលឡា និងក្រុមមន្ត្រីលីបង់ នៅក្នុងរដ្ឋធានីបេរូតកាលពីសប្ដាហ៍មុន។ លោក Amir-Abdollahian ក៏បានសង្កត់ធ្ងន់ផងដែរថា «ការបន្តធ្វើឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងនឹងប៉ាឡេស្ទីន និងតំបន់ហ្កាហ្សា នឹងទទួលរងការឆ្លើយតបទៅវិញពីសម្ព័ន្ធមិត្តក្នុងតំបន់ដែលលោកចង់សំដៅទៅលើក្រុមហេសប៊ូលឡា និងចលនាស៊ីអ៉ីត ក្នុងប្រទេស ស៊ីរី និងអ៉ីរ៉ាក់ ក៏ដូចជាក្រុមដាប់អាវុធប៉ាឡេស្ទីន៕