(ប្រ៊ុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុប នឹងរៀបចំកិច្ចប្រជុំកំពូលបន្ទាន់មួយនៅថ្ងៃអង្គារនេះ ខណៈដែលការភ័យខ្លាចកាន់តែខ្លាំងឡើងថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នឹងធ្វើឱ្យមានភាពតានតឹងខ្លាំងឡើង នូវអន្តរនិកាយនៅក្នុងទ្វីបអឺរ៉ុប និងនាំជនភៀសខ្លួនកាន់តែច្រើនក្នុងការស្វែងរកទីជម្រកសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដែលបានប្រកាសថាលោកបានកោះហៅកិច្ចប្រជុំនិម្មិត យ៉ាងដូច្នេះថា «ជម្លោះនេះមានផលវិបាកជាច្រើន រួមទាំងសម្រាប់ពួកយើងនៅក្នុងសហភាពអឺរ៉ុប។ ជម្លោះអាចមានផលវិបាកសន្តិសុខយ៉ាងសំខាន់សម្រាប់សង្គមរបស់យើង»។
ចាប់តាំងពីការវាយប្រហារដោយចលនាហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃទី០៧ ខែតុលា ប្រទេសបារាំងបានបញ្ជាឱ្យហាមឃាត់ ការធ្វើបាតុកម្មដែលគាំទ្រប៉ាឡេស្ទីន ខណៈចំនួននៃអំពើប្រឆាំងពួកជនជាតិហ្វីហ្វបានកើនឡើង។ ការជួបជុំគ្នាកម្រិតទាបត្រូវបានធ្វើឡើងនៅក្នុងប្រទេសសហភាពអឺរ៉ុបផ្សេងៗគ្នា។ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលរួមមានប្រទេសចំនួន ២៧ ចាត់ទុកក្រុមហាម៉ាសជាអង្គការភេរវជន។
សារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស និងព្រះបរមរាជវាំង Versailles បានជម្លៀសអ្នកទស្សនា និងបុគ្គលិក បន្ទាប់ពីទទួលបានការគម្រាមកំហែងបំផ្ទុះគ្រាប់បែកកាលពីចុងសប្តាហ៍ ហើយរដ្ឋាភិបាលបារាំងបានចាប់ផ្តើម ដាក់ពង្រាយទាហានចំនួន ៧,០០០ នាក់ ដើម្បីពង្រឹងសន្តិសុខនៅទូទាំងប្រទេស បន្ទាប់ពីមានការចាក់សម្លាប់គ្រូបង្រៀនម្នាក់។
អាល្លឺម៉ង់ក៏បានពង្រឹងវិធានការសន្តិសុខរបស់ខ្លួនផងដែរ។ ក្រុងប៊ែរឡាំងបានផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលហើយបានសន្យាថា នឹងបង្ក្រាបការគាំទ្រដល់ក្រុមហាម៉ាសនៅក្នុងប្រទេស។ លោកអធិការបតី Olaf Schulz បានសង្កត់ធ្ងន់លើទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ ចំពោះសន្តិសុខរបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស មួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើអ៉ីស្រាអែល ដោយសម្លាប់មនុស្សច្រើនជាង ១,៤០០នាក់ ភាគច្រើនជាជនស៊ីវិល។ ចំណែក អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា អស់រយៈពេល ជាងមួយសប្ដាហ៍មកហើយ ដោយសម្លាប់មនុស្សយ៉ាងហោច ២,៦៧០នាក់ ភាគច្រើនជាជនស៊ីវិល។
ប្រជាជនក្នុងតំបន់ហ្កាហ្សា ជាង១លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងស្ថានភាពច្របូកច្របល់ និងអស់សង្ឃឹម ខណៈ អ៉ីស្រាអែល បន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និងប្រមូលផ្ដុំកងទ័ពនៅតាមតំបន់ព្រំដែន នៅថ្ងៃចន្ទ ទី១៦ ខែតុលានេះ ជាការត្រៀមលក្ខណៈបើកសង្រ្គាមជើងគោក៕
រូបភាពពី Reuters