(ប៉េកាំង)៖ នៅប្រទេសកៀហ្ស៉ីស៊ីស្ថាន អណ្តូងទឹកដែលក្រុមអ្នកជំនាញនៃខ្សែរថភ្លើងចិន កៀហ្ស៉ីស៊ីស្ថានអ៊ូសបេគីស្ថានបានជីក បានដោះស្រាយបញ្ហាទឹកផឹកក្នុងតំបន់ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មស្អាតទីមួយនៅតំបន់មជ្ឈិមបូព៌ា ដែលចិននិងអេមីរ៉ាតអារ៉ាប់រួមរួមគ្នាសាងសង់ អាចផ្តល់ថាមពលអគិ្គសនី២០ភាគរយដល់ក្រុងឌូបៃ។ល។ ក្នុងរយៈពេល១០ឆ្នាំ គំនិតផ្តួចផ្តើមមួយអាចនាំមកអ្វីខ្លះដល់ពិភពលោក? វេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបី ដែលនឹងបើកធ្វើពីថ្ងៃទី១៧ ដល់ទី១៨ ខែតុលា បានផ្តល់ឱកាសសម្រាប់ឱ្យអ្នកផងទាំងពួងបូកសរុបនិងរំលឹកឡើងវិញ។

តាមដំណឹងជាផ្លូវការរបស់ប្រទេសចិនបានឱ្យដឹងថា វេទិកាលើកនេះ បានទាក់ទាញតំណាងដែលមកពីប្រទេសចំនួនជាង១៤០ និងអង្គការអន្តរជាតិចំនួនជាង៣០នៅលើពិភពលោកទៅចូលរួម។ វេទិកាលើកនេះមានប្រជាប្រិយភាពយ៉ាងខ្លាំង មូលហេតុសំខាន់មួយ គឺដោយមកពីក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បាននាំមកនូវបម្រែបម្រួលថ្មី យ៉ាងប្រាកដប្រជាដល់ពិភពលោក។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ” បានបង្កើតគម្រោងសហប្រតិបតិ្តការចំនួនជាង៣ពាន់គម្រោង ដែលបានជំរុញការវិនិយោគរាប់ទ្រីលានដុល្លារអាមេរិក។ គិតរហូតដល់ចុងខែមិថុនា ឆ្នាំ២០២៣ ប្រទេសចិនបានចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្តការស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ចំនួនជាង២រយច្បាប់ជាមួយប្រទេសចំនួនជាង១៥០ និងអង្គការអន្តរជាតិចំនួនជាង៣០។ ការសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោកបានបង្ហាញថា ការអនុវត្តដោយគ្រប់ជ្រុងជ្រោយ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” នឹងធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសពាក់ព័ន្ធ កើនឡើង៤,១ភាគរយ ដល់ឆ្នាំ២០៣០ ជារៀងរាល់ឆ្នាំ ត្រូវបានរំពឹងថា នឹងនាំមកនូវប្រាក់ចំណេញចំនួន១,៦ទ្រីលានដុល្លារអាមេរិក ដល់ពិភពលោកទាំងមូល ហើយនឹងធ្វើឱ្យមនុស្សចំនួន៧លាន៦សែននាក់ របស់ប្រទេសពាក់ព័ន្ធបម្រះខ្លួនចេញពីភាពក្រីក្រខ្លាំង។

ក្នុងនាមជាផលិតផលសាធារណៈអន្តរជាតិ និងវេទិកាសហប្រតិបតិ្តការអន្តរជាតិ ដែលទទួលការពេញនិយមយ៉ាងខ្លាំង អ្វីដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”បាននាំមកមិនត្រឹមតែចំណេញសេដ្ឋកិច្ចប៉ុណ្ណោះទេ ហើយក៏នឹងនាំមកនូវអភិបាលកិច្ចបែបថ្មីទៀតផង។ បច្ចុប្បន្ននេះ ការអភិវឌ្ឍសេដ្ឋកិច្ចសកលដោយអតុល្យភាព ប្រព័ន្ធអភិបាលកិច្ចមិនសូវពេញលេញ ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយប្រឈមនឹងបញ្ហាដូចជាខ្វះប្រាក់ទុនជាដើម ។ ប្រទេសចិនបានចេញថវិកាបង្កើតមូលនិធីផ្លូវសូត្រ ហើយបានរួមសហការជាមួយប្រទេសពាក់ព័ន្ធបង្កើត ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានត្រួសត្រាយមធ្យោបាយ សហហិរញ្ញប្បទានរបស់ប្រទេសពាក់ព័ន្ធ និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកលមានសុក្រឹតភាព។

អ្វីៗទាំងអស់សុទ្ធតែអនុវត្តតាម "ក្បួនច្បាប់មាស" ពោលគឺពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ។ ទស្សនៈអភិបាលកិច្ចថ្មីនេះ ផ្តួចផ្តើមនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ និងប្រកាន់ខ្ជាប់ការដែលកិច្ចការរបស់អ្នកទាំងអស់គ្នា ត្រូវសម្រេចដោយការពិភាក្សាជាមួយគ្នា ប្រកាន់ខ្ជាប់ការចូលរួមជាមួយគ្នារបស់បណ្តាភាគីនានា ហើយធ្វើឱ្យបណ្តាភាគីនានា ចែករំលែកឱកាសនិងសមិទ្ធផលជាមួយគ្នា មិនបោះបង់ចោលប្រទេសណាមួយឡើយ។ គឺដោយសារបានឈរលើមូលដ្ឋានបែបនេះ បានជាគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” សម្រេចបាននូវកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះដ៏ពិតប្រាកដ។

បើឈរលើចក្ខុវិស័យវែងឆ្ងាយអាចឃើញថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានត្រួសត្រាយផ្លូវថ្មីសម្រាប់ ឱ្យមនុស្សជាតិរួមគ្នាសម្រេចបាននូវទំនើបកម្ម។ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បានចាត់ទុកការសម្រេចបាននូវទំនើបកម្ម ជាមួយគ្នាជាគោលដៅ ក្នុងន័យជួយប្រទេសពាក់ព័ន្ធលើកកម្ពស់សមត្ថភាពសាងសង់។ ពីការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ដល់ការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស ពីការស្វែងរកមុខរបរថ្មីដូចជាធុរកិច្ចអេឡិចត្រូនិកឆ្លងដែន ដល់ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រទេសចិនបានផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ហើយបានបន្ថែមជំរើសដល់មនុស្សជាតិ ក្នុងការដើរឆ្ពោះទៅរកទំនើបកម្ម។

តាមដំណឹងផ្លូវការរបស់ប្រទេសចិនឱ្យដឹងថា វេទិកាលើកនេះនឹងផ្តោតសំខាន់ទៅលើវិស័យការតភ្ជាប់គ្នា អភិវឌ្ឍន៍បៃតង និងសេដ្ឋកិច្ចឌីជីថលជាដើម ព្រមនឹងឈានដល់សមិទ្ធផលសហប្រតិបតិ្តការមួយចំនួន នឹងមានបរិមាណសរុបលើសពីវេទិកាពីរលើកមុន ។ ប្រការនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលមានប្រភពមកពីប្រទេសចិន និងជារបស់សកលលោក នឹងមានអំណោយផលដល់មនុស្សជាតិទាំងមូល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន