(ប៉េកាំង)៖ "មនុស្សជាច្រើននៅទីក្រុងហ្កាហ្សាកំពុងបើកឡានចាកចេញពីទីក្រុង ប៉ុន្តែតាមពិតទៅ ពួកគេក៏មិនដឹងថាត្រូវទៅទីណាដែរ។ ស្ថានការណ៍ពិតជាពិបាកពិពណ៌នាបាន ហើយប្រជាជនជាច្រើនរត់ចេញពីស្រុកដំណើតរបស់ខ្លួន។ល។" នេះជាដំណឹងដែលអ្នកយកព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្សាយពីទីក្រុងហ្កាហ្សា កាលពីថ្ងៃទី១៣ខែតុលា។បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះ បានអូសបន្លាយរយៈពេលមួយសប្តាហ៍ហើយ ដែលបណ្តាលឱ្យភាគីទាំងពីរ មានមនុស្សជាង៣៥០០នាក់បានស្លាប់បាត់បង់ជីវិត។ អង្គការសហប្រជាជាតិបានព្រមានថា ស្ថានការណ៍មនុស្សធម៌នៅហ្កាហ្សា កំពុងមានភាពកាន់តែអាក្រក់ខ្លាំងយ៉ាងឆាប់រហ័ស។

ហេតុអ្វីបានជាការប៉ះទង្គិចប៉ាឡេស្ទីននិងអ៊ីស្រាអែល បានផ្ទុះឡើងម្តងហើយម្តងទៀត?មូលហេតុគឺដោយមកពីគោលបំណង របស់ប៉ាឡេស្ទីនដែលចង់បង្កើតរដ្ឋដ៏ឯករាជ្យ មិនអាចសម្រេចបានក្នុងរយៈពេលយូរ ហើយភាពអយុត្តិធម៌ជាប្រវត្តិសាស្ត្រ ដែលប្រជាជនប៉ាឡេស្ទីន រងទុក្ខនោះមិនដែលត្រូវបានកែតម្រូវទេ។ ការផ្ទុះឡើងនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះ បានបញ្ជាក់ជាថ្មីម្តងទៀតថា "ផែនការប្រទេសតែមួយ" មិនអាចទៅរួចទេ វាគ្រាន់តែធ្វើឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែល ធ្លាក់ចូលក្នុងវដ្តនៃការប៉ះទង្គិចតែប៉ុណ្ណោះ ។ ការអនុវត្ត "ផែនការប្រទេសពីរ" ទើបជាច្រកចេញជាសារវន្តសម្រាប់ ដោះស្រាយបញ្ហាប៉ាឡេស្ទីន។

"ផែនការប្រទេសពីរ" ដែលត្រូវបានទទួលស្គាល់ជាទូទៅ ដោយសហគមន៍អន្តរជាតិ គឺមានន័យថា បង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យមួយ ដែលចាត់ទុកព្រំដែននាឆ្នាំ១៩៦៧ ជាមូលដ្ឋានចាត់ទុកទីក្រុងយេរូសាឡឹមខាងកើត ជារដ្ឋធានីនិងមានអធិបតេយ្យភាពពេញលេញ ការឈានដល់ "ផែនការប្រទេសពីរ" បានឆ្លងកាត់ការវិវត្តន៍ជាប្រវត្តិសាស្ត្រក្នុងរយៈពេលជាយូរ។ នៅឆ្នាំ១៩៤៧ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តលេខ១៨១ ដោយកំណត់ថា នឹងបង្កើតរដ្ឋជនជាតិអារ៉ាប់មួយនិងរដ្ឋជនជាតិជ្វីបមួយ នៅតំបន់ប៉ាឡេស្ទីន។ ក្នុងរាប់ទសវត្សរ៍បន្ទាប់មក សង្គ្រាមជាច្រើនលើកបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា។ បន្ទាប់ពីសង្គ្រាមមជ្ឈិមបូព៌ាលើកទី៣នៅឆ្នាំ១៩៦៧ អ៊ីស្រាអែលបានទន្រ្ទានកាន់កាប់ទីក្រុងយេរូសាឡឹមខាងកើត តំបន់ត្រើយខាងលិចនៃទន្លេហ្ស៊កដង់និងតំបន់ហ្កាហ្សា ហើយបានដណ្តើមយកទឹកដីប៉ាឡេស្ទីនទាំងអស់ ដែលអង្គការសហប្រជាជាតិគូសកំណត់ឱ្យប្រទេសអារ៉ាប់។

នៅឆ្នាំ១៩៩៣ ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានចុះហត្ថលេខាលើ《កិច្ចព្រមព្រៀងOslo》ដោយចាប់ដំណើរការដំណើរសន្តិភាពមជ្ឈិមបូព៌ា ដែល "យកទឹកដីដូរយកសន្តិភាព"។ ភាគីទាំងពីរសុទ្ធតែទទួលយក “ផែនការប្រទេសពីរ” ជាគោលការណ៍សំខាន់សម្រាប់សម្រេចបានសន្តិភាព រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។ ប៉ុន្តែ ភាគីទាំងពីរមានការខ្វែងគំនិតគ្នាយ៉ាងធ្ងន់ធ្ងរ ជុំវិញបញ្ហាដូចជាឋានៈនៃទីក្រុងយេរូសាឡឹម ការគូសខ្សែបន្ទាត់ព្រំដែននៃត្រើយខាងលិចទន្លេហ្ស៊កដង់ និងសិទ្ធិវិលត្រឡប់ទៅវិញនៃជនភៀសខ្លួនជាដើម។ បន្ទាប់ពីឆ្នាំ២០០០ ដំណើរសន្តិភាពប៉ាឡេស្ទីននិងអ៊ីស្រាអែលបានជាប់គាំងជាបណ្តើរៗ។ បន្ទាប់ពីឆ្នាំ២០១៤ ដែលកិច្ចចរចាសន្តិភាពប៉ាឡេស្ទីន និងអ៊ីស្រាអែលទទួលបរាជ័យ មិនបានបើកធ្វើកិច្ចចរចាថ្មីទៀតឡើយ។

លើសពីនេះទៅទៀត ដោយសារគិតពិចារណាដល់នយោបាយក្នុងស្រុក និងយុទ្ធសាស្ត្រសកល អាមេរិកបានគាំទ្រយ៉ាងលើសលប់ដល់អ៊ីស្រាអែល ជំរុញឱ្យទំនាក់ទំនងរវាងប្រទេសអារ៉ាប់និងអ៊ីស្រាអែលមានប្រក្រតីភាព ហើយមិនអើពើនឹងតម្រូវការនិងសំណូមពររបស់ប៉ាឡេស្ទីន ដែលបណ្តាលឱ្យដំណើរសន្តិភាពមជ្ឈិមបូព៌ាវង្វេងចេញពីផ្លូវត្រឹមត្រូវ។

ពេលបច្ចុប្បន្ននេះ ស្របពេលដែលការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីន និងនិងអ៊ីស្រាអែលបានផ្ទុះឡើង មានមនុស្សកាន់តែច្រើនឡើងៗបានដឹងច្បាស់ថា "ផែនការប្រទេសពីរ" នៅតែជាផែនការជាឯកច្ឆន្ទតែមួយគត់ សម្រាប់សហគមន៍អន្តរជាតិក្នុងដំណោះស្រាយ បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលដដេល ហើយគ្មានផែនការផ្សេងទៀតអាចជំនួសបានទេ។

តាមដំណឹងថ្មីៗឱ្យដឹងថា បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ា នឹងបំពេញទស្សនកិច្ចនៅ ប្រទេសពាក់ព័ន្ធក្នុងតំបន់នាពេលជីតៗខាងមុខនេះ ដើម្បីជួយបន្ថយកម្តៅនៃស្ថានការណ៍។ លុះត្រាតែ “ផែនការប្រទេសពីរ”ត្រូវបានអនុវត្តទាំងស្រុងទើបតំបន់មជ្ឈឹមបូព៌ា អាចទទួលបាននូវសន្តិភាពពិតប្រាកដបាន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន