(ប៉េកាំង)៖ ថ្ងៃទី១២ ខែតុលា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកយកព័ត៌មានបានសួរសំណួរអំពីស្ថានការណ៍ប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនិងតួនាទីរបស់ប្រទេសចិន។

លោក Wang Wenbin បានថ្លែងថា ភាគីចិនមានការឈឺចិត្តយ៉ាងខ្លាំងចំពោះករណីដែលភាពកាន់តែតានតឹងឡើង នៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន បានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងមានការបារម្ភយ៉ាងខ្លាំងចំពោះភាពអាក្រក់ខ្លាំង នៃស្ថានការណ៍សន្តិសុខនិងមនុស្សធម៌របស់ប៉ាឡេស្ទីន ក៏ដូចជាករណីដែលការឡើងកម្តៅនៃការប៉ះទង្គិច បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោក Wang Wenbin បានលើកឡើងថា ភារកិច្ចចម្បងនាពេលនេះគឺត្រូវឈប់បាញ់គ្នាភ្លាម ដើម្បីការពារជនស៊ីវិល និងផ្តល់ជំនួយមនុស្សធម៌ឱ្យបានទាន់ពេលវេលាដល់ប្រជាជនប៉ាឡេស្ទីន។ គន្លឹះនៃការបំបែកវដ្ដក៏អាក្រក់នៃការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល គឺត្រូវត្រឡប់ទៅរកមូលដ្ឋាននៃ "ផែនការប្រទេសពីរ" ហើយចាប់ដំណើរការការចរចាសន្តិភាពឡើងវិញ និងបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យ ដើម្បីសម្រេចបាននូវការរួមរស់នៅ ដោយសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល។

លោក Wang Wenbin បានកត់សម្គាល់ថា ភាគីចិននឹងបន្តរក្សាការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចចរចាសន្តិភាពយ៉ាងសកម្ម និងរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញដំណោះស្រាយ បញ្ហាប៉ាឡេស្ទីនប្រកបដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងយូរអង្វែង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន