(ប៉េកាំង)៖ ពីរបីថ្ងៃមុន រថភ្លើងឈ្មោះ "ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប" ទីមួយដែលបានដឹកជញ្ជូនទំនិញសម្រាប់ ដាក់តាំងនៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានទៅដល់ក្រុងសៀងហៃ ហើយតម្លៃសរុបនៃទំនិញទាំងនេះគឺ លើសពី ១៦ លានប្រាក់អឺរ៉ូ។ នេះមានន័យថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ ដែលអ្នកផងទាំងពួងរំពឹងទុកជាយូរមកហើយ កាន់តែខិតចូលមកដល់ ហើយវានឹងបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។

តាមពិតទៅ ក្នុងបីត្រីមាសដើមឆ្នាំនេះ ដោយប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ និងតឹងរ៉ឹងព្រមនិងការលំបាក និងបញ្ហាប្រឈមជាច្រើនក្នុងស្រុក ពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនបានបន្តរក្សា និន្នាការដំណើរការដោយនឹងនរ ដែលមានសភាពល្អប្រសើរនិងវិជ្ជមាន។ តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី ១៣ ខែតុលាឱ្យដឹងថា ក្នុងរយៈពេលបីត្រីមាសដំបូងនៃឆ្នាំ ២០២៣ ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនមានចំនួន ៣០,៨ ទ្រីលានយាន់ប្រាក់ចិនដែលមានល្បឿនកំណើន ស្មើនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២។ បើមើលពីត្រីមាសនីមួយៗអាចឃើញថា ទំហំនាំចេញនាំចូលក្នុងត្រីមាសទីមួយ ទីពីរនិងទីបីបានឡើងដល់ ៩,៧២ ទ្រីលាន ១០,២៩ ទ្រីលាននិង ១០,៧៩ ទ្រីលានយាន់ប្រាក់ចិនដោយឡែកពីគ្នា ហើយទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានកើនឡើងជាសន្សឹមៗ។

ចាប់តាំងពីចូលឆ្នាំនេះមក សេដ្ឋកិច្ចសកលងើបឡើងវិញដោយទន់ខ្សោយ ហើយការអភិវឌ្ឍពាណិជ្ជកម្មសកលបាននិងកំពុង ប្រឈមមុខនឹងកម្លាំងសម្ពាធជាច្រើន។ ក្នុងបរិបទបែបនេះ ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន មានសភាពល្អប្រសើរនិងវិជ្ជមាន គឺបានមកដោយមិនងាយទេ។

ឥស្សរជនវិភាគមួយចំនួនបានលើកឡើងថា ទីផ្សារធំៗរបស់ចិននិងឧត្តមភាពខាងឧស្សាហកម្មក្នុងរយៈពេល ជាយូរមកហើយបានចាក់មូលដ្ឋានគ្រឹះសម្រាប់ ឱ្យពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមានសភាពល្អប្រសើរ ។ បើមើលពីការនាំចូលអាចឃើញថា បរិមាណនាំចូលរបស់ប្រទេសចិន បានកើនឡើងក្នុងរយៈពេល ៨ ខែជាប់ៗគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ បានកើនឡើងសរុប ២,៦ ភាគរយក្នុងបីត្រីមាសដើមឆ្នាំនេះ ។ បើមើលពីការនាំចេញអាចឃើញថា អនុបាតទីផ្សារ កម្លាំងប្រកួតប្រជែងអន្តរជាតិនិងឥទ្ធិពលម៉ាកយីហោ នៃឧស្សាហកម្មនាំចេញដែលមានឧត្តមភាពដូចជា នាវា គ្រឿងចក្រវិស្វកម្មនិងសម្ភារៈអគ្គិសនីជាដើម ត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត។

ក្រៅពីឧស្សាហកម្មប្រពៃណីរក្សាបាននូវកម្លាំងប្រកួតប្រជែងខ្លាំងបង្គួរ រថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិន កំពុងលក់ដាច់ខ្លាំងនៅទូទាំងពិភពលោក។ តាមទិន្នន័យដែលចេញផ្សាយដោយសមាគមឧស្សហកម្មរថយន្តប្រទេសចិន នាពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្នុងខែកញ្ញា ឆ្នាំនេះ ចិនបាននាំចេញរថយន្តដើរដោយថាមពលថ្មី ៩ ម៉ឺន ៦ ពាន់គ្រឿងដែលកើនឡើង ៩២,៨ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ បច្ចុប្បន្ននេះ "ផលិតផលចំនួន ៣ "ដែលមានរថយន្តដឹកអ្នកដំណើរដើរដោយថាមពលអគ្គិសនី អាគុយលីចូមនិងអាគុយថាមពលសូឡាជាតំណាង បានក្លាយជានាមប័ណ្ណថ្មីនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។ ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញសរុបនៃ"ផលិតផលចំនួន ៣ "របស់ចិនមានចំនួន ៧៩៨,៩៩ ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង ៤១,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ ប្រការនេះបានបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិន។

ព្រមពេលជាមួយគ្នានេះ ការដែលប្រទេសចិនបន្តជំរុញការបើកទូលាយចំពោះ ក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់បានបង្កបង្កើតជា ល័ក្ខខ័ណ្ឌមានអំណោយផលដល់ពាណិជ្ជកម្មជាមួយបរទេស។ ឆ្នាំនេះជាខួបឆ្នាំទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ"។ ក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ចិនជាមួយប្រទេស ដែលចូលរួមកិច្ចកសាង "ខ្សែក្រវាត់និងផ្លូវ" បានឡើងដល់ ១៤,៣២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ៣,១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ។ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញនៃមុខរបរផលិតកម្ម (PMI) នៅខែកញ្ញា ឆ្នាំនេះសម្រេចបាននូវការកើនឡើងវិញ បើប្រៀបធៀបនឹងខែមុនក្នុងរយៈពេល ៤ ខែជាប់ៗគ្នា ។ នៅខែសីហា ល្បឿនកំណើននៃតម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្ម និងទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមបានកើនឡើង ០,៨ និង ២,១ ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងខែមុន ។ល។ និយាយជារួម សេដ្ឋកិច្ចរបស់ចិនដែលមានភាពល្អប្រសើរជាទូទៅ គឺជាការទ្រទ្រង់នៃការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេស។

នាពេលបច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ ហើយបរិយាកាសខាងក្រៅដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បាននិងកំពុងប្រឈមនៅតែមានភាពស្មុគស្មាញនិងតឹងរ៉ឹងនិងដដែល ។ ស្របពេលដែលសេដ្ឋកិច្ចចិនបាននិងកំពុងស្តារឡើងវិញនិងមានភាពល្អប្រសើរជាបន្តបន្ទាប់ គោលនយោបាយនិងវិធានការមួយចំនួន ត្រូវបានអនុវត្តនិងទទួលបានប្រសិទ្ធភាព ការនាំចេញនាំចូលត្រូវបានរំពឹងថា នឹងបន្តពង្រឹងនិន្នាការល្អប្រសើរតទៅទៀត ដែលនឹងបន្តបំពេញបន្ថែមកម្លាំងចលករដ៏នឹងនរសម្រាប់ពាណិជ្ជកម្មសកល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន