(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថា រុស្ស៉ីបានបាញ់មីស៉ីល ៥គ្រាប់ និងយន្តហោះដ្រូន kamikaze ចំនួន ១២គ្រឿង លើអ៊ុយក្រែនពេញមួយយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ខណៈក្រុមមន្ត្រីក៏រាយការណ៍ថា មានកាំភ្លើងធំ និងការវាយប្រហារតាមអាកាស លើសពីនេះថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

កងទ័ពអាកាសអ៊ុយក្រែននិយាយថា មីស៉ីលដែលត្រូវបានបាញ់ទម្លាក់ ២គ្រាប់ គឺតម្រង់ទៅកាន់តំបន់ភាគខាងជើង និងភាគខាងកើត ខណៈដែលយន្តហោះដ្រូន ១១ គ្រឿងត្រូវបានបាញ់ទៅគោលដៅជាច្រើន ដោយផ្តោតជាពិសេសលើភាគខាងលិចអ៊ុយក្រែន។ អភិបាលតំបន់ប៉ូលតាវ៉ា (Poltava) ភាគខាងកើត លោក ហ្វីលីព ប្រូនីន (Filip Pronin) បានឲ្យដឹងថា តំបន់នេះរងការវាយប្រហារដោយដ្រូន និងមីស៉ីល ហើយជនស៉ីវិលបីនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា រុស្ស៉ី ក៏បានធ្វើការបាញ់ផ្លោងដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Zaporizhzhia ផងដែរ ដោយបានបំផ្លាញអគារលំនៅដ្ឋាន ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងធ្វើឲ្យស្ត្រីចំណាស់ម្នាក់រងរបួស៕

រូបភាពពី Reuters