(ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃចន្ទនេះ បានចេញមុខបដិសេធចំពោះ សេចក្តីរាយការណ៍ព័ត៌មានមួយចំនួន ស្តីពីការសម្រេចបានបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ ហ្កាស្សាស្រ្ទីព (Gaza Strip) ដើម្បីបើកឱ្យជំនួយមនុស្សធម៌ចូលទៅ ហើយអនុញ្ញាតឱ្យជនបរទេសអាចចាកចេញ ពីដែនដីប៉ាឡេស្ទីនមួយនេះ ទៅកាន់ប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗនៅថ្ងៃចន្ទនេះ បានរាយការណ៍ថា អ៉ីស្រាអែល អេហ្ស៉ីប និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងដើម្បីបើកច្រកព្រំដែន Rafah រវាង Gaza Strip និងប្រទេសអេហ្ស៉ីប សម្រាប់រយៈពេលត្រឹមប៉ុន្មានម៉ោង ដើម្បីឱ្យជនបរទេសអាចភៀសខ្លួនចេញ ហើយទន្ទឹមគ្នាឱ្យជំនួយអាចដឹកជញ្ជូនចូលទៅតំបន់ Gaza បាន។ យ៉ាងណាមិញ ការិយាល័យលោក Netanyahu បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ភ្លាមៗថា ពេលនេះពុំមានការព្រមព្រៀងលើបទឈប់បាញ់ និងជំនួយមនុស្សធម៌ណាមួយ នៅតំបន់ Gaza ជាថ្នូរឱ្យជនបរទេសចាកចេញឡើយ។
គួរបញ្ជាក់ថា ការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ទៅលើសហគមន៍និងក្រុងនៅភាគខាងត្បូងប្រទេសអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បានផ្តាច់ជីវិតមនុស្សជាង១,៤០០នាក់ ហើយការវាយប្រហារសងសឹកតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ Gaza Strip ចាប់តាំងពីពេលនោះមក បានសម្លាប់មនុស្សប្រហែល ២,៧៥០នាក់។ ទន្ទឹមគ្នានេះដែរ បើតាមអង្គការសហប្រជាជាតិ ប្រជាជនប្រមាណ១លាននាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ៕
រូបភាពពី AFP