(មូស្គូ)៖ នៅថ្ងៃចន្ទនេះ ក្រសួងការបរទេសរុស្ស៉ី បាននិយាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៨-១៩ ខែតុលា ស្របពេលដែលចំណងទាក់ទងរវាងប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការបរទេសរុស្ស៉ី បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា «នៅថ្ងៃទី១៨-១៩ ខែតុលា តបតាមការអញ្ជើញពី​ក្រសួងការបរទេសកូរ៉េខាងជើង រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov នឹងបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)»។ ការបំពេញទស្សនកិច្ចកើតមាននេះ គឺបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី កាលពីខែមុន ហើយជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។

គួរបញ្ជាក់ថា នាពេលនេះ លោក Lavrov កំពុងស្ថិតនៅទីក្រុងប៉េកាំង មុនដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងទុករបស់លោក ពូទីន ទៅកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ ដើម្បីចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៧-១៨ ខែតុលា ហើយជួបជាមួយ​ប្រធានាធិបតីចិន លោក ស៉ី ជីនពីង៕

រូបភាពពី AFP