(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តី លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃចន្ទនេះថា ម៉ាឡេស៉ីមិនយល់ស្របនឹងសម្ពាធរបស់លោកខាងលិច ដើម្បីថ្កោលទោសក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស (Hamas) នោះទេ ចំពេលដែលកំហឹងជុំវិញការវាយប្រហារដ៏សាហាវកាលពីដើមខែតុលានេះ ទៅលើភាគខាងត្បូងអ៉ីស្រាអែល កាន់តែរីករាលដាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

ដោយមិនផ្តល់ព័ត៌មានលម្អិត លោក អាន់វ៉ា និយាយថា បណ្តាប្រទេសលោកខាងលិច និងអឺរ៉ុបបានស្នើម្តងហើយម្តងទៀតឲ្យម៉ាឡេស៉ី
ចូលរួមថ្កោលទោសក្រុមហាម៉ាសនៅក្នុងកិច្ចប្រជុំមួយ។ លោក អាន់វ៉ា បានប្រាប់សភាយ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បាននិយាយហើយថា ម៉ាឡេស៉ីក៏ដូចជាគោលនយោបាយបស់យើង មានទំនាក់ទំនងជាមួយក្រុមហាម៉ាសពីមុន ហើយវានឹងបន្តទៅមុខទៀត។ ដូច្នេះ យើងមិនយល់ស្របនឹងអាកប្បកិរិយាដាក់សម្ពាធនេះទេ ព្រោះក្រុមហាម៉ាសក៏បានឈ្នះនៅហ្កាហ្សាដោយសេរី តាមរយៈការបោះឆ្នោត ហើយហ្កាហ្សាបានជ្រើសរើសពួកគេឲ្យដឹកនាំ»

គួរបញ្ជាក់ថា ម៉ាឡេស៉ី ដែលជាប្រទេសមានអ្នកកាន់សាសនាឥស្លាមភាគច្រើន គឺជាអ្នកគាំទ្រយូរមកហើយដល់បុព្វហេតុប៉ាឡេស្ទីន និងបានតស៊ូមតិសម្រាប់ដំណោះស្រាយរដ្ឋពីរចំពោះជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ម៉ាឡេស៉ី មិនមានទំនាក់ទំនងការទូត ជាមួយអ៉ីស្រាអែលនោះទេ៕

រូបភាពពី Reuters