(ហ៊្សេរុយសាឡិម)៖ នៅរសៀលថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃតំបន់ Gaza Strip បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារ ការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល បានកើនដល់ខ្ទង់ ២,៧៥០នាក់ហើយ ក្នុងរយៈពេលប្រមាណ១០ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុម Hamas បាននិយាយថា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក មនុស្សសរុបបន្តកើនដល់២,៧៥០នាក់ហើយ ដែលបានបាត់បង់ជីវិត និងប្រហែល៩,៧០០នាក់ទៀតបានរងរបួស ក្រោមការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈររបស់អ៉ីស្រាអែល ដែលជាការសងសឹកទៅលើក្រុម Hamas សម្រាប់សកម្មភាពឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេ ចូលទៅកាន់ភាគខាងត្បូងអ៉ីស្រាអែល ហើយបានផ្តាច់ជីវិតមនុស្សជាង១,៣០០នាក់ និងចាប់មនុស្សជាង១៥០នាក់ យកទៅតំបន់ Gaza ដើម្បីធ្វើជាចំណាប់ខ្មាំង។
គួរបញ្ជាក់ថា ក្រៅពីអ្នកស្លាប់និងរបួស ប្រជាជនប៉ាឡេស្ទីន១លាននាក់ ក៏បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរនៅ Gaza ខណៈអ៉ីស្រាអែលកំពុងត្រៀមធ្វើសង្រ្គាមតាមជើងគោកវិញម្តង បន្ទាប់ពីបានផ្តោតវាយប្រហារតែតាមផ្លូវអាកាស។ ប្រតិបត្តិការវាយលុកជើងគោករបស់អ៉ីស្រាអែល ត្រូវបានគេព្រួយបារម្ភថា អាចនឹងបង្កហានិភ័យនៃការផ្ទុះជម្លោះរីករាលដាលធំទូទាំងតំបន់ ហើយបណ្តាលឱ្យមានផលវិបាកកាន់តែខ្លាំងធ្ងន់ធ្ងរ ជាងពេលនេះទៅទៀត៕
រូបភាពពី Reuters