(ហ្សាការតា)៖ នៅថ្ងៃចន្ទនេះ តុលាការធម្មនុញ្ញរបស់ប្រទេសឥណ្ឌូណេស៉ី បានច្រានចោលញត្តិមួយចំនួន ដែលស្វែងរកការផ្លាស់ប្តូរលក្ខខណ្ឌ សម្រាប់ការឈរឈ្មោះបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី ខណៈការសម្រេចនេះបង្កជាឧបសគ្គមួយ ចំពោះកូនប្រុសរបស់មេដឹកនាំកំពុងកាន់អំណាច ដែលមនុស្សភាគច្រើនរំពឹងថា នឹងអាចប៉ុនប៉ងចូលរួម ក្នុងការបោះឆ្នោតឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

តុលាការធម្មនុញ្ញឥណ្ឌណេស៉ី បានចេញសេចក្តីសម្រេចដូចខាងលើ សម្រាប់ញត្តិស្រដៀងគ្នាមួយចំនួន នៅថ្ងៃចន្ទនេះ ចំពេលមានការរិះគន់កាន់តែខ្លាំងពីខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ចូកូវី ដូដូ (Joko Widodo) ដើម្បីរក្សាឥទ្ធិពលក្នុងឆាកនយោបាយបន្ទាប់ពីផុតអាណត្តិដឹកនាំ។

ប្រធានតុលាការធម្មនុញ្ញ លោក អាន់វ៉ា អ៊ូស្មាន់ (Anwar Usman) ដែលត្រូវជាបងប្អូនថ្លៃរបស់លោកប្រធានាធិបតី និងបានច្រានចោលញត្តិ ដែលស្នើបន្ថយអាយុអប្បបរមាសម្រាប់តំណែងទាំងពីរខាងលើ ពី៤០ឆ្នាំ មកនៅត្រឹម៣៥ឆ្នាំ ហើយអនុញ្ញាតដល់អ្នកដែលធ្លាប់មានបទពិសោធក្នុងមុខងារសាធារណៈ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី។ គណៈចៅក្រមតុលាការកំពូល និយាយថា ការសម្រេចលើបញ្ហាអាយុកំណត់នោះ គឺអាស្រ័យលើក្រុមសមាជិកសភាឥណ្ឌូណេស៉ី ហើយថាញត្តិនោះ មិនមានហេតុផលតាមច្បាប់នោះទេ។

គួរបញ្ជាក់ថា ប្រទេសប្រជាធិបតេយ្យធំទី៣របស់ពិភពលោកមួយនេះ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសកលដំណាលគ្នា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ បេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី នឹងត្រូវចុះឈ្មោះជាផ្លូវការ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា៕

Photo from Reuters