(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ីបានឱ្យដឹងថារដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានជួបសមភាគីចិន លោក Wang Yi នៅថ្ងៃចន្ទនេះ បន្ទាប់ពីរូបលោកបានទៅដល់ទីក្រុងប៉េកាំង ខណៈជំនួបប្រមុខការទូតទាំងពីរកើតមានឡើង មុនដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះរបស់ប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។
លោក Lavrov និងលោក Wang បានជួបពិភាក្សាគ្នានៅវិមាន Daioyutai ក្នុងទីក្រុងប៉េកាំង ខណៈក្រសែភ្នែកអន្តរជាតិកំពុងរង់ចាំផ្តោតទៅលើ លោក ពូទីន ដែលនឹងទៅចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ នៅទីក្រុងប៉េកាំងនាថ្ងៃទី១៧-១៨ ខែតុលា បន្ទាប់ពីខែមុនលោកប្រធានាធិបតីរុស្ស៉ី បានប្រាប់លោក Wang នៅទីក្រុង Saint Petersburg ថា រូបលោកទទួលយកដោយរីករាយ នូវការអញ្ជើញរបស់លោក ស៉ី ក្នុងការបំពេញទស្សនកិច្ចទៅកាន់ចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅប្រទេសចិន នឹងជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោក ពូទីន នៅក្រៅអតីតសហភាពសូវៀត គិតចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនរូបលោក កាលពីខែមីនា ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានផ្ទុះឡើងមក លោក ពូទីន ភាគច្រើនបានចេញទៅទស្សនកិច្ចតែនៅតាមប្រទេស ដែលជាអតីតរដ្ឋសូវៀតប៉ុណ្ណោះ ប៉ុន្តែក៏បានឆ្លៀតទៅប្រទេសអ៉ីរ៉ង់ផងដែរ។ ចំណែកកាលពីសប្តាហ៍មុន រូបលោកទើបតែបានធ្វើដំណើរទៅប្រទេសកៀហ្ស៉ីស៉ីស្ថាន ដែលធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀត ហើយវាជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក គិតចាប់តាំងពីការចេញដីកាចាប់ខ្លួន របស់តុលាការ ICC៕
រូបភាពពី AFP