(ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បានឲ្យដឹងថា លោកបានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំ អាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាសមូដ អាបាស់ (Mahmoud Abbas) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ អំពីស្ថានភាពនៅតំបន់ហ្កាហ្សា និងបានជំរុញ ឲ្យមានការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជួយប្រជាជនក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

លោក ម៉ាឌូរ៉ូ បានប្រាប់លោក អាបាស់ ថាទីក្រុងការ៉ាកាស នឹងបញ្ជូនជំនួយមនុស្សធម៌ជាង ៣០តោនដល់ប្រជាជនប៉ាឡេស្ទីន ក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ។ លោក ម៉ាឌូរ៉ូ និងលោក អាបាស់ បានយល់ស្របគ្នាអំពីតម្រូវការបទឈប់បាញ់ជាបន្ទាន់មួយ និងការបើកច្រករបៀងមនុស្សធម៌សម្រាប់ តំបន់ហ្កាហ្សា។

នៅសារមួយបង្ហោះលើបណ្តាញសង្គម X លោក ម៉ាឌូរ៉ូ ក៏បានថ្កោលទោសផងដែរនូវអ្វីដែលលោកហៅថា ជាការវាយប្រហារមិនរើសអើងលើប្រជាជនស៉ីវិល ពីសំណាក់អ៉ីស្រាអែល ដោយបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួស ហើយឆ្លងហួសបន្ទាត់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមហាម៉ាស ជាការសងសឹកចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធចេញពីតំបន់ហ្កាហ្សា លើទីប្រជុំជនអ៉ីស្រាអែល កាលពីសប្តាហ៍មុន៕

រូបភាពពី Reuters