(បេរូត)៖ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសលីបង់ ឬហៅកាត់ថា UNIFIL បានឱ្យដឹងថារ៉ុក្កែតមួយគ្រាប់បានធ្លាក់ចំ ទីស្នាក់ការកណ្ដាលរបស់ខ្លួន ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

លោក Andrea Tenenti ជាអ្នកនាំពាក្យម្នាក់របស់ UNIFIL ធ្វើការអះអាងខាងលើ ក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ជាមួយការបញ្ជាក់ថារ៉ុក្កែតមួយគ្រាប់ បានធ្លាក់ចំទីស្នាក់ការកណ្ដាលរបស់បេសកកម្មរក្សាសន្តិភាព UNIFIL ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់។ UNIFIL បានបញ្ជាក់មិនមានអ្នកស្លាប់ ឬរងរបួស នោះទេ ហើយក៏មិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអ្វីលើសពីនេះនោះដែរ ស្របពេលកំពុងធ្វើការបញ្ជាក់ថាតើរ៉ុក្កែតនេះមានប្រភពបាញ់ចេញមកពី ណា។ ប៉ុន្តែ ការវាយប្រហារនេះកើតមានឡើងមានការបាញ់ផ្លោងដាក់គ្នា នៅឯតំបន់ព្រំដែនរវាងអ៉ីស្រាអែល និងក្រុមហេសប៊ូលឡាលីបង់។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកសារព័ត៌មានសញ្ជាតិលីបង់ ធ្វើការឱ្យទីភ្នាក់ងារសារព័ត៌មាន Reuters បានស្លាប់នៅក្នុងការវាយប្រហារមួយរបស់ អ៉ីស្រាអែលនៅក្បែរព្រំដែនលីបង់៕

រូបភាពពី AFP