(ម៉ានីល)៖ យោធាហ្វីលីពីន បានអំពាវនាវឲ្យចិនបញ្ឈប់ «សកម្មភាពបង្កគ្រោះថ្នាក់» នៅតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាកងទ័ពជើងទឹកចិន ចូលទៅកៀក និងព្យាយាមរារាំងនាវាកងទ័ពជើងទឹកហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ដល់កងកម្លាំងរបស់ខ្លួន កាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក រ៉ូមីអូ ប្រ៊នឺ (Romeo Brawner) បានឲ្យដឹងថា នាវាមួយគ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន PLA បានចូលមកក្បែរក្នុងចម្ងាយតែជាង ៣២០ម៉ែត្រប៉ុណ្ណោះ ខណៈព្យាយាមបើកកាត់ពីមុខនាវាហ្វីលីពីន នៅជិតកោះធីទូ (Thitu) ដែលជាច្រកយុទ្ធសាស្ត្រ ដ៏ធំ និងសំខាន់បំផុតរបស់ទីក្រុងម៉ានីល ក្នុងសមុទ្រចិនខាងត្បូង។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក ប្រ៊នឺ បានគូសបញ្ជាក់ថា «នេះជាសកម្មភាពប្រកបដោយគ្រោះថ្នាក់របស់ចិន ដែល មិនត្រឹមតែប្រថុយប្រថាននឹងការប៉ះទង្គិចគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់អាយុជីវិតរបស់បុគ្គលិកដែនសមុទ្រនៃភាគីទាំងពីរ ផងដែរ»។

គួរបញ្ជាក់ថា នេះគឺជាវិវាទថ្មីចុងក្រោយក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន នៅឯសមុទ្រចិនខាងត្បូង។ យ៉ាងនេះក្តី ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនទាន់មានការឆ្លើយតបចំពោះសំណើរសុំការអត្ថាធិប្បាយទេ នៅថ្ងៃចន្ទនេះ៕

រូបភាពពី Reuters