(គែរ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទស្សនកិច្ចត្រឡប់ទៅកាន់ប្រទេសអ៉ីស្រាអែលវិញ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពី បានជួបជាមួយមេដឹកនាំអារ៉ាប់ដែលលោកផ្ទាល់អះអាងថាបានចូលរួមចំណែកក្នុងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានាឱ្យបានថាជម្លោះរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នឹងមិនរាលដាល់ទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទំាងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

លោក Blinken បានធ្វើដំណើរទៅដល់អ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន និងក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសកាតា ហ្ស៊កដានី បារ៉ែន អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងអេហ្ស៉ីប។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈត្រៀមចាកចេញពីទីក្រុងគែរ ប្រទេសអេហ្ស៉ីប រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «មានការប្ដេជ្ញាចិត្តពីគ្រប់ប្រទេសទាំងអស់ ដែលខ្ញុំបានទៅ នោះគឺការធានាឱ្យបានថាជម្លោះនេះនឹងមិនរាលដាល់ទៅជាជម្លោះ ក្នុងតំបន់ទាំងមូល។ ពួកគេកំពុងប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ទំនាក់ទំនងរបស់ពួកគេ ដើម្បីព្យាយាមទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើង»

គួរបញ្ជាក់ថា លោក Antony Blinken បានជួបពិភាក្សាជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន ក្នុងទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងជួបប្រធានាធិបតីអេហ្ស៉ីប លោក អាប់ដែល ហ្វាតាស់ អាល់ស៊ីស៊ី (Abdel Fattah al-Sisi) ក្នុងទីក្រុងគែរ ជាទីដែលលោកទទួលបានការវាយតម្លៃដោយផ្ទាល់ពីលោក ស៊ីស៊ី អំពីការសងសឹករបស់អ៉ីស្រាអែលទៅលើក្រុមហាម៉ាស។ អាចជាផ្នែកមួយនៃការទប់ស្កាត់កុំឱ្យ ជម្លោះផ្ទុះឡើងកាន់តែធំ សហរដ្ឋអាមេរិកបានបង្កើនការដាក់ពង្រាយនាវាចម្បាំង​ និងយន្ដហោះចម្បាំងទៅក្បែរអ៉ីស្រាអែល ដែលក្រុមអ្នកវិភាគជឿជាក់ថា ការកំញើញសាច់ដុំដាក់អ៉ីរ៉ង់ កុំឱ្យលូកដៃចូលក្នុងជម្លោះ៕

រូបភាពពី Reuters