(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការសន្មត់ថាសហរដ្ឋអាមេរិក គួរតែត្រៀមលក្ខណៈសម្រាប់សង្រ្គាមជាមួយចិន និងរុស្ស៉ី ក្នុងពេលតែមួយ គឺជារឿងឥតប្រយោជន៍ និងបានព្រមានលោកខាងលិចថាសង្រ្គាមណាមួយប្រឆាំងនឹងរុស្ស៉ី គឺខុសគ្នាទាំងស្រុងពីសង្រ្គាមនៅអ៊ុយក្រែន។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការលើកឡើងខាងលើរបស់លោក ពូទីន កើតមានឡើង បន្ទាប់ពីគណៈកម្មការពិសេសមួយនៃសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែត្រៀមលក្ខណៈសម្រាប់សង្រ្គាមជាមួយរុស្ស៉ី និងចិន ក្នុងពេលតែមួយ តាមរយៈការបង្កើនចំនួនកងទ័ព ការពង្រឹងសម្ព័ន្ធភាព និងការពង្រឹងកម្មវិធីធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ។

ថ្លែងប្រាប់អ្នកយកព័ត៌មានវិមានក្រឹមឡាំងលោក Pavel Zarubin ក្នុងវីដេអូខ្លីមួយចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែតុលា លោក ពូទីន បានសង្កត់ធ្ងន់ ដូច្នេះថា «ខ្ញុំមិនគិតនោះទេថាវាជាគំនិតល្អនៅក្នុងគំនិតរបស់មនុស្សធម្មតា ដែលនិយាយថាសហរដ្ឋអាមេរិកត្រូវត្រៀមលក្ខណៈសម្រាប់សង្រ្គាមជាមួយរុស្ស៉ី ហើយជាការពិតណាស់ យើងក៏កំពុងត្រៀមលក្ខណៈសម្រាប់សង្រ្គាមដែរ ពីព្រោះយើងបានដើរតាមគោលការណ៍ចាស់បុរាណ នោះគឺបើអ្នកចង់មានសន្តិភាព អ្នកត្រូវតែត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ ប៉ុន្តែយើងត្រូវការសន្តិភាព ខ្ញុំមិនគិតនោះទេថាវាគឺជាការពិត។ ខ្ញុំគិតថាពួកគេគ្រាន់តែនិយាយបំភ័យ គ្នាទៅវិញទៅមក តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានចាត់ទុកចិនជាគូប្រជែងធំបំផុតរបស់ខ្លួន រីឯរុស្ស៉ីគឺជាការគំរាមបន្ទាន់ធំបំផុត ដែលលោក ចូ បៃដិន ផ្ទាល់ហៅថាការប្រជែង រវាងប្រជាធិបតេយ្យ និងផ្ដាច់ការ។ យោធាអាមេរិកបាននិយាយដែរថារុស្ស៉ី និងចិន សុទ្ធតែកំពុងធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ ដោយចិនអាចនឹងមានក្បាល គ្រាប់នុយក្លេអ៊ែរកើនដល់ ១,៥០០គ្រាប់នៅឆ្នាំ២០៣៥ បើចិនអាចបន្តល្បឿនផលិតដូចសព្វថ្ងៃ។ រុស្ស៉ីវិញមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥,៨៨៩គ្រាប់ គិតត្រឹមឆ្នាំ២០២៣នេះ ធៀបទៅនឹងសហរដ្ឋអាមេរិកមាន ៥,២៤៤គ្រាប់៕

រូបភាពពី Reuters