(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានព្រមានថាសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស អាចនឹងរាលដាលទៅជា សង្រ្គាមទ្រង់ទ្រាយធំមួយនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយបារម្ភថាក្រុមហេសប៊ូលឡាលីបង់ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែកអាចនឹងបើកការវាយប្រហារលើ ភាគខាងជើងអ៉ីស្រាអែល ឬអាចមានការចូលរួមពីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

លោក Jake Sullivan ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក Sullivan បានគូសបញ្ជាក់ថាវាពិតជាមានហានិភ័យនៃការផ្ទុះទៅរាលដាលទៅជាសង្រ្គាមទ្រង់ទ្រាយធំ នោះគឺការបើក សមរភូមិសង្រ្គាមទី២ នៅភាគខាងជើងអ៉ីស្រាអែល ឬអាចមានការចូលរួមពីអ៉ីរ៉ង់។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបន្តថា សហរដ្ឋអាមេរិកក៏កំពុង ពិចារណាផងដែរពីជំនួយយោធាសម្រាប់អ៉ីស្រាអែល និងអ៊ុយក្រែន ដោយលោក ចូ បៃដិន មានគម្រោងបង្កើនកិច្ចពិភាក្សាស្ដីពីកញ្ចប់ថវិកាជំនួយនេះជាមួយ សភាទាំង២ របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមលោក Sullivan សហរដ្ឋអាមេរិកមិនមែនកំពុងលូកដៃចូលក្នុងផែនការយោធារបស់អ៉ីស្រាអែលនោះទេ បើទោះជាមន្ទីរបញ្ចកោណបាន បង្កើនការដាក់ពង្រាយនាវាចម្បាំង និងយន្ដហោះចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ៕

រូបភាពពី Reuters