(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសកម្មភាពណាមួយរបស់អ៉ីស្រាអែល ដើម្បីកាន់កាប់តំបន់ហ្កាហ្សា (Gaza) ជាថ្មីម្ដងទៀត នឹងក្លាយជាកំហុសមួយដ៏ធំ ខណៈកងទ័ពអ៉ីស្រាអែលកំពុងត្រៀមលក្ខណៈបើកការវាយលុកតាមជើងគោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។

អ៉ីស្រាអែល បានបើកការវាយប្រហារសងសឹកនឹងក្រុមហាម៉ាស Hamas អស់រយៈពេលមួយសប្ដាហ៍មកហើយ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្កាហ្សាមួយនេះ វាយលុកចូលអ៉ីស្រាអែលដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅនេះ។ អ៉ីស្រាអែលដែលបានប្រកាសសង្រ្គាមលើ ក្រុមហាម៉ាសផងនោះ បាន និងកំពុងដឹកនាំការទម្លាក់គ្រាប់បែកឥតឈប់ឈរ និងបានព្រមានឱ្យប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់រស់នៅក្នុងតំបន់ ភាគខាងជើងនៃតំបន់ហ្កាហ្សា ជម្លៀសខ្លួនទៅកាន់ភាគខាងត្បូង នៅមុនប្រតិបត្តិការទ្រង់ទ្រាយធំមួយចូលមកដល់។

នៅពេលត្រូវបានសាកសួរក្នុងកម្មវិធី ៦០នាទី (60 Minutes) របស់ស្ថានីយ៍ទូរទស្សន៍អាមេរិក CBS ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ថាតើលោកនឹងគាំទ្រការកាន់កាប់របស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សាដែរឬទេ? លោកប្រធានាធិបតីវ័យ ៨០ឆ្នាំរូបនេះបានឆ្លើយថា «ខ្ញុំគិតថាវានឹងក្លាយជា កំហុសមួយដ៏ធំ»។ តែយ៉ាងណាក៏ដោយ លោក បៃដិន បានបន្ថែមក្រុមហាម៉ាសមិនមែនតំណាងឱ្យប្រជាជនប៉ាឡេស្ទីនទាំងអស់នោះទេ ហើយការវាយលុក និងការកម្ចាត់ក្រុមជ្រុលនិយមគឺជាតម្រូវការចាំបាច់។

គួរបញ្ជាក់ថា អ៉ីស្រាអែល ធ្លាប់បានគ្រប់គ្រងលើតំបន់ហ្កាហ្សា អំឡុងសង្រ្គាម ៦ថ្ងៃ ក្នុងឆ្នាំ១៩៦៧ ហើយបានដកកងទ័ពចេញ និងប្រគល់ទៅឱ្យប៉ាឡេស្ទីន គ្រប់គ្រងវិញ នៅក្នុងឆ្នាំ២០០៥។ តែមួយឆ្នាំក្រោយមក អ៉ីស្រាអែលបានបិទខ្ទប់ទាំងផ្លូវគោក អាកាស និងទឹកលើបរិវេណ ៣៦២គីឡូម៉ែត្រក្រឡានៃតំបន់ ហ្កាហ្សា ដែលមានព្រំដែនជាប់ជាមួយប្រទេសអេហ្ស៉ីប និងសមុទ្រមេឌីទែររ៉ាណេ៕

រូបភាពពី AFP