(គែរ)៖ ប្រជាជនប៉ាឡេស្ទីនប្រហែល ៣០០ នាក់ដែលភាគច្រើនជាកុមារ និងស្ត្រីត្រូវបានសម្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈ ៨០០ នាក់ផ្សេងទៀត បានរងរបួសនៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមអ្វីដែលអាជ្ញាធរសុខាភិបាលក្នុងតំបន់បានប្រកាស និងចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

អាជ្ញាធរហ្គាហ្សាបាននិយាយថា មនុស្សជាង ២,២០០នាក់ត្រូវបានសម្លាប់ ដែលមួយភាគបួននៃពួកគេជាកុមារ ហើយជិត ១០,០០០ នាក់ផ្សេងទៀតបានរងរបួស ជាលទ្ធផលនៃការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់អ៊ីស្រាអែលគិតត្រឹមថ្ងៃសៅរ៍។ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នកនៅរស់រានមានជីវិត ពីការវាយប្រហារតាមផ្លូវអាកាសយ៉ាងអស់សង្ឃឹម។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកដ៏ច្រើនបំផុតមិនធ្លាប់មានលើតំបន់ហ្គាហ្សា ដែលប្រជាជនប៉ាឡេស្ទីន ២.៣ លាននាក់ និងបានដាក់ការឡោមព័ទ្ធលើតំបន់ជុំវិញ​ ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ប្រហារ​​របស់​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស​ លើ​ទីប្រជុំជន​អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ដែលបានសម្លាប់មនុស្ស ១,៣០០នាក់ ដែលភាគច្រើនជនស៊ីវិល។

ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានត្រៀមលក្ខណៈ សម្រាប់ការវាយលុកតាមផ្លូវគោកចូលតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសកាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រីបាននិយាយថា មនុស្សប្រហែលមួយលាននាក់ត្រូវបានគេរាយការណ៍ថា បានចាកចេញពីផ្ទះរបស់ពួកគេរហូតមកដល់ពេលនេះ។

ចំណែកឯ ក្រុមហាម៉ាសបានប្រាប់ប្រជាជនកុំឱ្យចាកចេញ ដោយនិយាយថាផ្លូវមិនមានសុវត្ថិភាពទេ។ អ្នកស្រុកខ្លះបាននិយាយថា ពួកគេនឹងមិនចាកចេញទេព្រោះពួកគេចងចាំ «មហន្តរាយ» នៃឆ្នាំ១៩៤៨ កំឡុងសង្គ្រាមបង្កើតរបស់រដ្ឋអ៊ីស្រាអែល នៅពេលដែលប្រជាជនប៉ាឡេស្ទីនជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ៕

រូបភាពពី AFP