(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៥ ខែតុលានេះថា សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា «ហួសពីវិសាលភាពនៃការការពារខ្លួន» ហើយថារដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែ «បញ្ឈប់ការដាក់ទណ្ឌកម្មរួមរបស់ខ្លួនលើប្រជាជនហ្គាហ្សា»។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០២៣។

ការអត្ថាធិប្បាយរបស់ លោក វ៉ាង បែបនេះធ្វើឡើងក្នុងអំឡុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយសមភាគីអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan កាលពីថ្ងៃសៅរ៍ ខណៈដែលអ៊ីស្រាអែលហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកការវាយលុកតាមផ្លូវគោក ប្រឆាំងនឹងក្រុមយុទ្ធជនហាម៉ាសនៅតំបន់ហ្គាហ្សា។

លោក វ៉ាង បាននិយាយដូច្នេះថា «សកម្មភាពរបស់អ៊ីស្រាអែលបានហួសពីវិសាលភាព នៃការការពារខ្លួន» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។

លោកបានបន្ថែមថា «(អ៊ីស្រាអែល) ត្រូវតែស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបញ្ឈប់ការដាក់ទណ្ឌកម្មរួមលើប្រជាជនហ្គាហ្សា»

កាលពីថ្ងៃសៅរ៍ លោក វ៉ាង យី ក៏បាននិយាយនៅក្នុងការហៅទូរសព្ទដាច់ដោយឡែកមួយ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken ផងដែរ ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន «ដើរតួនាទីស្ថាបនា និងទទួលខុសត្រូវ» នៅក្នុងជម្លោះ។

គួរបញ្ជាក់ថា មនុស្សជាងមួយលាននាក់នៅភាគខាងជើងនៃតំបន់ ត្រូវបានបញ្ជាឱ្យភៀសខ្លួន ដែលជាការជម្លៀសដ៏ធំបំផុតមួយ ដែលក្រុមជំនួយបាននិយាយថានឹងបង្កឱ្យមានមហន្តរាយមនុស្សធម៌​ខណៈអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំឆាប់ៗនេះ។

ហ្គាហ្សាដែលជាតំបន់មានដង់ស៊ីតេប្រជាជនដ៏ខ្ពស់បំផុត និងញ៉ាំញីដោយភាពក្រីក្រ ដែលមានប្រជាជនចំនួន ២.៣ លាននាក់ ត្រូវបានទទួលរងនូវការបិទខ្ទប់ទាំងផ្លូវគោក ផ្លូវអាកាស និងសមុទ្រចាប់តាំងពីឆ្នាំ ២០០៦៕

រូបភាពពី AFP