(ហ្គាហ្សា)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សា ស្រ្ទីប (Gaza Strip) និងវ៉េសប៊ែង (West Bank) បានកើនឡើងដល់ ២,៣៨៣នាក់ និងរបួសចំនួន ១០,៨១៤នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

នៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីន ២,៣២៩នាក់ត្រូវបានសម្លាប់ និង ៩,៧១៤នាក់រងរបួស ខណៈដែលនៅតំបន់ West Bank មានអ្នកស្លាប់ចំនួន ៥៤នាក់ និង ១,១០០នាក់រងរបួស ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស់ និងអ៉ីស្រាអែលផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បាននិងកំពុងភៀសខ្លួនចេញពីតំបន់ហ្គាហ្សា ដើម្បីគេចចេញពីការត្រៀមវាយប្រហារតាមផ្លូវគោករបស់អ៉ីស្រាលដែលប្តេជ្ញាថានឹងលុបបំបាត់ក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះមកលើអ៉ីស្រាអែល។

ចំណែកបណ្តាប្រទេសនានាដែលកំពុងធ្វើការដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន បានអំពាវនាវដល់អ៉ីស្រាអែលឲ្យបើកច្រករបៀងមនុស្សធម៌៕

រូបភាពពី AFP