(ហ្ស៊េរុយសាឡិម)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៉ីស្រាអែល បានចោទប្រកាន់អ៉ីរ៉ង់នៅថ្ងៃអាទិត្យនេះថាព្យាយាមបើកសមរភូមិសង្រ្គាមទីពីរ ដោយការដាក់ពង្រាយអាវុធនៅក្នុងឬឆ្លងកាត់ប្រទេសស៉ីរី នៅពេលដែលអ៉ីស្រាអែលបង្កើនការវាយលុកចូលភាគខាងត្បូងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

ឆ្លើយតបតាមរយៈបណ្តាញសង្គម X (Twitter) ទាក់ទងនឹងសេណារីយ៉ូខាងលើនេះ លោក ច្យសស៊ូអា ហ្សាខា (Joshua Zarka) ប្រធានកិច្ចការយុទ្ធសាស្ត្រនៃក្រសួងការបរទេសអ៉ីស្រាអែល បានបញ្ជាក់ថា «គឺពួកគេ (អ៉ីរ៉ង់) ប៉ុនប៉ង ហើយអ៉ីស្រាអែលប្តេជ្ញាចិត្តដើម្បីទប់ស្កាត់ការវិវត្តទៅរកស្ថានការណ៍បែបនោះ»។ យ៉ាងនេះក្តី អ៉ីរ៉ង់មិនទាន់មានការឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ស៉ីរីបានចោទប្រកាន់អ៉ីស្រាអែលថាបានធ្វើការវាយប្រហារលើអាកាសយានដ្ឋាន ក្នុងទីក្រុងដាម៉ាស (Damascus) និងអាឡិបប៉ូ (Aleppo)។ អាកាសយានដ្ឋានអន្តរជាតិទាំងពីរនេះ ត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយអ៉ីរ៉ង់ ដើម្បីផ្ទេរសព្វាវុធ បរិក្ខារ និងធ្វើប្រតិបត្តិការបញ្ជូនទៅកាន់ភ្នាក់ងាររបស់ខ្លួននៅក្នុងតំបន់ រួមទាំងក្រុមហេសបូឡាផងដែរ៕

រូបភាពពី AFP