(ស៉ីដនី)៖ ក្រសួងការបរទេសអូស្រ្តាលី បានប្រកាសពីការលុបចោលជើងហោះហើរដែលបានគ្រោងទុកចំនួនពីរដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋចេញពីប្រទេសអ៉ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ដោយសារតែស្ថានភាពមានការប្រឈមខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ នឹងមិនចេញដំណើរដូចការគ្រោងទុកទេ ចំពេលមានស្ថានភាព «មានការប្រែប្រួល និងហានិភ័យខ្លាំង»។ ប៉ុន្តែ DFAT បានបន្ថែមថា អូស្ត្រាលីនៅតែបន្តធ្វើការជាមួយពលរដ្ឋក្នុងតំបន់ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញ ហើយនឹងបញ្ជាក់អំពីការហោះហើរនាពេលខាងមុខ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍លើកដំបូងបានចាកចេញពីអ៉ីស្រាអែល ដោយមានពលរដ្ឋអូស្ត្រាលីជាង ២០០នាក់និងក្រុមគ្រួសាររបស់ពួកគេ ហើយទៅដល់ទីក្រុងឡុងដ៍ដោយសុវត្ថិភាព៕

រូបភាពពី AFP