(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅព្រឹកថ្ងៃអាទិត្យនេះបានអះអាងថា អង្គភាពប្រឆាំងយន្តហោះបានកម្ទេចយន្តហោះដ្រូនដែលបាញ់ដោយអ៊ុយក្រែនចំនួន ២៧គ្រឿងលើប្រទេសរុស្ស៉ី ដែលភាគច្រើននៃដ្រូនទាំងនោះឆ្លងកាត់តំបន់ឃឺស (Kursk)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងតាមបណ្តាញ Telegram យ៉ាងដូច្នេះថា យន្តហោះដ្រូនចំនួន ១៨គ្រឿងត្រូវបានទម្លាក់ពីលើតំបន់ Kursk នៅឯភាគខាងត្បូងនៃប្រទេសរុស្ស៉ី និងពីរកន្លែងផ្សេងទៀតលើតំបន់បែលហ្គរូដ (Belgorod)។

អភិបាលតំបន់ Kursk លោក រ៉ូម៉ាន់ ស្តារ៉ូវៀត (Roman Starovoit) បាននិយាយថា មិនមានអ្នកស្លាប់ក្នុងការវាយប្រហារនេះទេ ហើយកម្ទេចកំទីនៃយន្តហោះដ្រូននេះ ធ្លាក់លើខាងក្រៅតំបន់ដែលមានប្រជាជនរស់នៅ។ យ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយមិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យបានទេ។

គួរបញ្ជាក់ថា Kursk និង Belgorod ជាតំបន់ជាប់ព្រំដែនជាមួយអ៊ុយក្រែន។ ការវាយប្រហារដោយយន្តហោះដ្រូន ជាពិសេសនៅតំបន់គ្រីមៀ និងតំបន់ជាប់ព្រំដែនអ៊ុយក្រែន បានកើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃ ចាប់តាំងពីដ្រូនពីរត្រូវបានបំផ្លាញនៅលើវិមានក្រឹមឡាំង កាលពីដើមខែឧសភា៕

រូបភាពពី AFP