(ម៉ិកស៉ីកូ)៖ ក្រុមមន្ត្រីម៉ិកស៉ិក និងអ៊ុយក្រែននៅថ្ងៃសៅរ៍សប្តាហ៍នេះ បានធ្វើការជំរុញដាច់ដោយឡែកពីគ្នាដល់អ៉ីស្រាអែលបើកច្រករបៀងមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាដើម្បីអនុញ្ញាតឲ្យប្រជាជនចាកចេញ ខណៈដែលប្រទេសទាំងពីរកំពុងព្យាយាមធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនចេញពីតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

ឆ្លើយតបនឹងសំណើរសុំជំនួយពីពលរដ្ឋម៉ិកស៉ិក រដ្ឋមន្ត្រីការបរទេស លោកស្រី អាលីសៀ បាសេណា (Alicia Barcena) ឲ្យដឹងថា លោកស្រីកំពុងទាក់ទងជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីនាំពួកគេចេញតាមប្រទេសអេហ្ស៉ីប ប៉ុន្តែអ៉ីស្រាអែលមិនអនុញ្ញាតឲ្យមានច្រករបៀងមនុស្សធម៌ ហើយក៏មិនអនុញ្ញាតឱ្យនរណាម្នាក់ចាកចេញនោះដែរ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សអ៊ុយក្រែន លោក ឌីមីត្រូ លូបីនេត (Dmytro Lubinets) ក៏បានឲ្យដឹងដែរថាក្រសួងការបរទេសអ៊ុយក្រែន បានផ្ញើរលិខិតតវ៉ាទៅកាន់អ៉ីស្រាអែលបន្ទាប់ពីពលរដ្ឋអ៊ុយក្រែនមិនត្រូវបានអនុញ្ញាតឲ្យជម្លៀសចេញពីតំបន់ហ្គាហ្សា ថ្ងៃសៅរ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា បើតាមស្ថានទូតអ៊ុយក្រែនប្រចាំនៅអ៉ីស្រាអែល ពលរដ្ឋអ៊ុយក្រែនចំនួន ២០៧នាក់ រួមទាំងកុមារ ៦៣នាក់ត្រូវបានជម្លៀសចេញពីទីក្រុងតែល អាល់វីវ (Tel Aviv) ទៅកាន់ប្រទេសរ៉ូម៉ានី កាលពីថ្ងៃសៅរ៍ ហើយជើងហោះហើរមួយផ្សេងទៀតដើម្បីយកមនុស្ស ១៥៥នាក់ចេញពីអ៉ីស្រាអែលត្រូវបានគ្រោងទុកសម្រាប់ថ្ងៃអាទិត្យនេះ។

ដោយឡែក រដ្ឋាភិបាល​ម៉ិកស៉ិក ​បាន​និយាយ​ថា ពលរដ្ឋ​ខ្លួន​រាប់​រយ​នាក់​នៅ​តែ​រង់ចាំ​ការ​ចេញ​ពី​អ៉ីស្រាអែល៕

រូបភាពពី AFP