(ហ្គាហ្សា)៖ ក្រុមហាម៉ាស់ (Hamas) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំរបស់ពួកគេគឺ លោក អ៉ីស្មែល ហានីយេហ៍ (Ismail Haniyeh) បានជួបរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះនៅក្នុងប្រទេសកាតា ដោយបានពិភាក្សាគ្នាអំពីការវាយប្រហារដ៏សាហាវរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនលើអ៉ីស្រាអែល ហើយយល់ព្រមបន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់ក្រុមនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣។

អំឡុងពេលនៃកិច្ចប្រជុំក្នុងរដ្ឋធានីដូហា (Doha) របស់ប្រទេសកាតា រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក ហូសសេន អាមៀរ៉ាប់ដូឡាហេន (Hossein Amirabdollahian) បានកោតសរសើរដល់ការវាយប្រហារបែបនោះថាជា «ជ័យជម្នះជាប្រវត្តិសាស្ត្រ» ដែលបង្ហាញពីការដើរថយក្រោយរបស់អ៉ីស្រាអែលចំពោះការកាន់កាប់ទឹកដីប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បាននិងកំពុងភៀសខ្លួនចេញពីតំបន់ហ្គាហ្សាភាគខាងជើង ខណៈអ៉ីស្រាអែលប្រមូលផ្តុំកងទ័ពនៅព្រំដែនយ៉ាងច្រើនសម្រាប់ការវាយលុក។ បើតាមអាជ្ញាធរហ្គាហ្សា មនុស្សជាង ២,២០០ នាក់ត្រូវបានសម្លាប់ ដោយមួយភាគបួននៃពួកគេជាកុមារ និងជិត ១០,០០០ នាក់បានរងរបួស៕

រូបភាពពី Reuters

រូបភាពពី AFP