(ហ្គាហ្សា)៖ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួន ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងជើងកាលពីថ្ងៃសៅរ៍ (១៤ តុលា) ដើម្បីគេចចេញពីការត្រៀមវាយប្រហារតាមផ្លូវគោករបស់អ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលក៏បានបង្កើនការទម្លាក់គ្រាប់បែកនៅតំបន់នោះកាន់តែច្រើនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

អ៊ីស្រាអែលបានបប្តេជ្ញថា នឹងលុបបំបាត់ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមនេះ ដែលបានវាយលុកទីក្រុងអ៊ីស្រាអែលកាលពីមួយសប្តាហ៍មុន។

មនុស្សប្រហែល ១,៣០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិលនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក កងកម្លាំងអ៊ីស្រាអែលបានបិទខ្ទប់ទាំងស្រុង លើតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីនប្រមាណ ២.៣ លាននាក់ ហើយបានទម្លាក់គ្រាប់បែកលើតំបន់នេះ ជាមួយនឹងការវាយប្រហារតាមអាកាសដែលមិនធ្លាប់មានពីមុនមក។ អាជ្ញាធរហ្គាហ្សាបាននិយាយថា មនុស្សជាង ២,២០០ នាក់ត្រូវបានសម្លាប់ ដោយមួយភាគបួននៃពួកគេជាកុមារ និងជិត ១០,០០០ នាក់បានរងរបួស។

អ៊ីស្រាអែល បានផ្តល់ពេលឱ្យអ្នកស្រុកទាំងអស់ នៃភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលរួមមានទីក្រុងហ្គាហ្សា រហូតដល់ព្រឹកថ្ងៃសៅរ៍ដើម្បីផ្លាស់ទីទៅភាគខាងត្បូងតំបន់ហ្គាហ្សា៕

រូបភាពពី Reuters